បច្ចុប្បន្នភាព៖ មេឆ្នោតវៀតណាមឈ្មោះ ផុន ទម្លាយថា «មិនមែនមានតែរូបលោកម្នាក់ឯងទេ» នៅឃុំព្រៃផ្ដៅ ដោយរំលេចឈ្មោះភាគីពាក់ព័ន្ធផ្សេងទៀត។
ខេត្តតាកែវ៖ ក្រោយពីមានការចុះផ្សាយ និងការរិះគន់យ៉ាងក្តៅគគុកពីសំណាក់មហាជន ជុំវិញការរីករាលដាលនៃល្បែងស៊ីសងខុសច្បាប់ (ឆ្នោតកន្ទុយលេខវៀតណាម) នៅក្នុងមូលដ្ឋាន លោក ផុន ដែលរងការចោទប្រកាន់ថាជាមេឆ្នោតប្រចាំឃុំព្រៃផ្ដៅ បានចេញមុខមកបំភ្លឺ និងទម្លាយការណ៍ពិតប្រាប់អង្គភាពសារព័ត៌មាន «ពេញចិត្តមេឌា»។
តាមរយៈការឆ្លើយតបជាមួយអ្នកសារព័ត៌មាន លោក ផុន បានអះអាងថា នៅតំបន់ផ្សារសេវា និងក្នុងឃុំព្រៃផ្ដៅទាំងមូល គឺពុំមែនមានតែរូបលោកម្នាក់ឯងនោះទេ ដែលបើកភ្នាក់ងារ និងធ្វើជាមេឆ្នោតកន្ទុយលេខវៀតណាមនេះ។
បន្ថែមពីនេះ លោក ផុន បានចង្អុលបង្ហាញចំឈ្មោះបុគ្គលពីររូបទៀត ដែលកំពុងដំណើរការអាជីវកម្មល្បែងខុសច្បាប់នេះយ៉ាងសកម្មដូចគ្នា រួមមាន៖
១. ឈ្មោះ វុធ ជាអ្នកលក់បាយ មានទីតាំងស្ថិតនៅខាងលិចផ្សារសៃវា។
២. ឈ្មោះ ក្រាម (បងក្រាម) មានទីតាំងស្ថិតនៅចំទល់មុខសាលាឃុំព្រៃផ្ដៅតែម្តង។
ការចេញមុខទម្លាយព័ត៌មានពីសំណាក់លោក ផុន នេះ ត្រូវគេមើលឃើញថាជាតម្រុយថ្មីមួយ ដែលបង្ហាញថាបណ្ដាញល្បែងស៊ីសងប្រភេទឆ្នោតកន្ទុយលេខវៀតណាមកំពុងរីករាលដាល និងមានភាគីពាក់ព័ន្ធជាច្រើននាក់ទៀតនៅក្នុងមូលដ្ឋាន។
ជុំវិញរឿងរ៉ាវខាងលើនេះ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ម៉ី លីសាន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃផ្ដៅ បានឆ្លើយតបមកកាន់បណ្ដាញសារព័ត៌មាន «ពេញចិត្តមេឌា» ថា លោកមិនទាន់បានដឹងពាក់ព័ន្ធនឹងបញ្ហាខាងលើនេះច្បាស់នៅឡើយទេ ប៉ុន្តែលោកបានបញ្ជាក់យ៉ាងច្បាស់ថា សមត្ថកិច្ចនឹងធ្វើការស៊ើបអង្កេតស្រាវជ្រាវលើករណីមេឆ្នោតកន្ទុយលេខវៀតណាមនៅក្នុងឃុំព្រៃផ្ដៅនេះ។
ពាក់ព័ន្ធនឹងការចោទប្រកាន់លើភាគីពាក់ព័ន្ធផ្សេងទៀត អង្គភាពសារព័ត៌មាន «ពេញចិត្តមេឌា» មិនទាន់អាចស្វែងរកការបកស្រាយផ្ទាល់ពីលោក វុធ និងលោក ក្រាម បាននៅឡើយទេ ដោយសារពុំទាន់មានលេខទូរស័ព្ទទំនាក់ទំនង។ ទោះជាយ៉ាងណា ស្ថាប័នព័ត៌មានយើងខ្ញុំរង់ចាំទទួលការបកស្រាយ ឬបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ ស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន។
បច្ចុប្បន្ន ប្រជាពលរដ្ឋ និងមជ្ឈដ្ឋាននានាក្នុងឃុំព្រៃផ្ដៅ កំពុងទទូចស្នើដល់អាជ្ញាធរដែនដី ក៏ដូចជាកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មេត្តាចុះស្រាវជ្រាវ ត្រួតពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានហ្មត់ចត់ និងស្មើភាពគ្នា ចំពោះរាល់ទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងអស់ ដើម្បីធានារក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនសង្គមជាតិ៕
