ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាលអញ្ចើញជាគណៈអធិបតីពិធីបើកបវេសនកាលសិក្សាឆ្នាំថ្មី ២០២៦~២០២៧

(ខេត្តកណ្តាល)

នៅថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនិងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះឯកឧត្តមបានជំរុញឲ្យសិស្សានុសិស្សខិតខំសិក្សាសាវជ្រាវបង្កើនចំណេះដឹង និងសមត្ថភាពដើម្បីឲ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ សម្រាបជាទំពាំងស្នងឬស្សីដើម្បីប្រទេសជាតិយើង។ ពីព្រោះធនធានមនុស្ស គឺជាសមត្ថភាពនិងគំនិតច្នៃប្រឌិត និងជាកត្តាស្នូលក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឱ្យមានការរីកចម្រើនប្រកបដោយចីរភាព ដូច្នេះសិស្សានុសិស្សគ្រប់រូបត្រូវខិតខំរៀនសូត្រ ស្រាវជ្រាវនិងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ ដើម្បីក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់គ្រួសារនិមួយៗ និងសង្គមជាតិ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានលើកឡើងក្នុងឱកាសពិធីអបអរសាទរ នៃការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅវិទ្យាល័យ ហ៊ុន សែន ស្អាង ស្រុកស្អាង ខេត្តកណ្តាល។

ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរ និងលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យវិស័យអប់រំក្នុងខេត្តមានការរីកចម្រើន ជាពិសេសការកើនឡើងនៃចំនួនបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងអត្រាសិស្សប្រឡងជាប់បានច្រើន។ ឯកឧត្តមបានណែនាំ ឱ្យគ្រប់វិទ្យាល័យត្រូវសិក្សាស្វែងយល់ពីបទពិសោធន៍ល្អៗរបស់វិទ្យាល័យ ហ៊ុន សែន ដើមឫស ស្រុកកណ្តាលស្ទឹង ដែលមានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិច្រើនស្ទើរតែទាំងអស់ ដើម្បីយកមកចែករំលែក និងអនុវត្តឱ្យសមស្របតាមស្ថានភាពជាក់ស្តែងរបស់សាលា ក្នុងគោលដៅលើកកម្ពស់គុណភាពបង្រៀន និងលទ្ធផលសិក្សារបស់សិស្សឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តម គួច ចំរើន ក៏បានបញ្ជាក់ថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលផ្តល់ឱកាសឱ្យកុមារា កុមារី និងយុវជន យុវតីទទួលបានការសិក្សារៀនសូត្រដោយសុខសាន្ត ខណៈរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងវិធានការជាច្រើន ដើម្បីលើកកម្ពស់វិស័យអប់រំ បង្កើនគុណភាពចំណេះដឹង និងកាត់បន្ថយការបោះបង់ការសិក្សារបស់សិស្សានុសិស្ស។ ដូច្នេះ យុវជនត្រូវចេះប្រើប្រាស់ឱកាសដ៏មានតម្លៃនេះ ដោយខិតខំរៀនសូត្រឱ្យអស់ពីសមត្ថភាព។ ទាក់ទងនឹងការអភិវឌ្ឍប្រទេសជាតិ ឯកឧត្តមបានលើកឡើងថា ធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ សុទ្ធតែមានសារៈសំខាន់ ប៉ុន្តែធនធានមនុស្សដែលមានចំណេះដឹង និងសមត្ថភាព គឺជាកត្តាចាំបាច់បំផុត។ មនុស្សដែលមានចំណេះដឹង ទោះបីមិនមានទ្រព្យធន ក៏អាចប្រើប្រាស់គំនិត និងសមត្ថភាពរបស់ខ្លួន ដើម្បីបង្កើតឱកាស កែច្នៃធនធានដែលមានស្រាប់ និងកសាងភាពជោគជ័យក្នុងជីវិត អាចក្លាយជាអ្នកមានបាន ផ្ទុយទៅវិញ ទោះបីមានទ្រព្យសម្បត្តិច្រើនក៏ដោយ ប្រសិនបើខ្វះចំណេះដឹង និងសមត្ថភាពក្នុងការគ្រប់គ្រង ក៏មិនអាចធានាបាននូវភាពជោគជ័យយូរអង្វែងនោះដែរ។ នេះការផ្តល់អនុសាសន៍ដល់សិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ស្តាប់ការណែនាំរបស់លោកគ្រូ អ្នកគ្រូ ជាពិសេសត្រូវបង្កើនការសិក្សាស្រាវជ្រាវដោយខ្លួនឯង ពីព្រោះចំណេះដឹងមិនអាចទទួលបានត្រឹមតែតាមរយៈការស្តាប់មេរៀនក្នុងថ្នាក់ប៉ុណ្ណោះទេ គឺវាកើតមកពីការស្រាវជ្រាវ និងការគិតដោយឯករាជ្យ នឹងជួយពង្រឹងសមត្ថភាព បណ្តុះគំនិតច្នៃប្រឌិត និងបង្កើតសមិទ្ធផលថ្មីៗ ព្រមទាំងកែលម្អចំណេះដឹង បច្ចេកទេសដែលមានស្រាប់ឱ្យកាន់តែទំនើបនិងមានប្រយោជន៍ទៀតផង។ ក្រៅពីការលើកទឹកចិត្តលើវិស័យអប់រំ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យប្រជាពលរដ្ឋជាអាណាព្យាបាលសិស្សានុសិស្សចូលរួមថែរក្សាសោភ័ណភាព សណ្តាប់ធ្នាប់ និងអនាម័យនៅតាមមូលដ្ឋាន ជាពិសេសការរៀបចំប្រព័ន្ធបង្ហូរទឹក និងមិនត្រូវបង្ហូរទឹកដោយផ្ទាល់ដាក់មកលើតាមចិញ្ចើមផ្លូវ ដែលអាចបង្កឱ្យផ្លូវឆាប់ខូចខាត និងធ្វើឱ្យបរិស្ថាននៅមុខផ្ទះមានភាពកខ្វក់ និងត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ថែរក្សាបរិស្ថាន និងអនាម័យឱ្យបានល្អប្រសើរ ព្រមទាំងចូលរួមគោរពច្បាប់ទាំងអស់គ្នាទើបជាការប្រសើរ។