ប្រភពផ្លូវការបញ្ជាក់ថា កា វ៉ាន់សុខ ដែលធ្លាប់ជាប់ពន្ធនាគារក្នុងអំពើចោរកម្ម មិនមានឈ្មោះក្នុងក្របខ័ណ្ឌយោធាឡើយ ក្រោយស្លៀកពាក់ឯកសណ្ឋានយោធា ដើម្បីឆបោកប្រាស់អ្នកដទៃជាច្រើនករណី

(ព្រះវិហារ)៖ ប្រភពព័ត៌មានផ្លូវការមួយបានបញ្ជាក់នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា បុគ្គលឈ្មោះ កា វ៉ាន់សុខ មិនមានឈ្មោះក្នុងក្របខ័ណ្ឌយោធានោះទេ ការបញ្ជាក់នេះធ្វើឡើងក្រោយមានការចែករំលែករូបភាពបុគ្គលរូបនេះសង្ស័យក្លែងបន្លំស្លៀកពាក់ឯកសណ្ឋានយោធា និងមានសញ្ញាសម្គាល់ឋានន្តរស័ក្តិ តាមបណ្តាញសង្គម ដែលបង្កឱ្យមានចម្ងល់ពីសាធារណជនអំពីស្ថានភាពពិតប្រាកដរបស់លោក។

ព័ត៌មានបច្ចុប្បន្នភាពនេះបានបង្កើនការចាប់អារម្មណ៍ពីសាធារណជន ជាពិសេសពាក់ព័ន្ធនឹងការប្រើប្រាស់ឯកសណ្ឋាន និងសញ្ញាសម្គាល់យោធា ខណៈកន្លងមកក៏មានការលើកឡើងពីប្រវត្តិពាក់ព័ន្ធនឹងបទល្មើសចាស់ ការទទួលប្រាក់ដោយសន្យាជួយរត់ការចូលក្របខ័ណ្ឌកងទ័ព និងសារដែលត្រូវបានអះអាងថាមានខ្លឹមសារគំរាមកំហែងដល់អ្នកដទៃផងដែរ។

គួររំលឹកថា យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុរសឈ្មោះ កា វ៉ាន់សុខ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ AMK ដែលត្រូវបានរាយការណ៍ថាកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។ នៅពេលនោះ សមត្ថកិច្ចបានឱ្យដឹងថា កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធីច្បាប់។ ចំពោះលទ្ធផលសំណុំរឿង និងការអនុវត្តទោស មិនទាន់មានឯកសារតុលាការដែលអាចបញ្ជាក់ជាសាធារណៈនៅឡើយទេ។

ដោយឡែក កន្លងមកមានជនរងគ្រោះម្នាក់បានបង្ហាញឯកសារសរសេរដោយដៃដែលមានចំណងជើងថា «កិច្ចសន្យាទទួលប្រាក់» ដោយអះអាងថា បានប្រគល់ប្រាក់ចំនួន១លានរៀលឱ្យ កា វ៉ាន់សុខ ជាថ្នូរនឹងការសន្យាជួយរត់ការចូលក្របខ័ណ្ឌកងទ័ព ប៉ុន្តែការសន្យានោះមិនបានសម្រេច។ ជនរងគ្រោះបានអះអាងថា ខ្លួនបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ដើម្បីស្នើសុំការស្រាវជ្រាវ និងដោះស្រាយតាមផ្លូវច្បាប់។

ជាមួយគ្នានេះ ក៏មានការលើកឡើងអំពីសារជាអក្សរ និងសំឡេងដែលត្រូវបានអះអាងថាមានខ្លឹមសារគំរាមកំហែងដល់ស្ត្រី និងអ្នកសារព័ត៌មានមួយចំនួន។ យ៉ាងណាក៏ដោយ ខ្លឹមសារទាំងនេះនៅត្រូវការការផ្ទៀងផ្ទាត់ពីសមត្ថកិច្ច និងការបញ្ជាក់តាមនីតិវិធីច្បាប់ ដើម្បីជៀសវាងការសន្និដ្ឋានមុនពេលមានលទ្ធផលស្រាវជ្រាវជាផ្លូវការ។

ដោយឡែក ស្របពេលប្រទេសជាតិធ្លាប់ប្រឈមមុខនឹងការឈ្លានពានដោយកម្លាំងយោធាពីប្រទេសសៀម ការស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា និងការចូលបម្រើក្នុងជួរកងទ័ពរបស់យុវជនកម្ពុជា គឺជាសកម្មភាពគួរឱ្យកោតសរសើរ ដែលបង្ហាញពីស្មារតីទទួលខុសត្រូវ ភាពក្លាហាន និងការស្រឡាញ់ជាតិមាតុភូមិ។ ដូច្នេះ ការប្រើប្រាស់ឯកសណ្ឋាន និងកិត្តិយសរបស់កងកម្លាំងប្រដាប់អាវុធ គួរតែមានភាពត្រឹមត្រូវ និងគោរពតាមបទប្បញ្ញត្តិជាធរមាន។

ហេតុនេះ សាធារណជនស្នើឱ្យក្រសួងការពារជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ បន្តផ្ទៀងផ្ទាត់ការប្រើប្រាស់ឯកសណ្ឋាន និងសញ្ញាសម្គាល់ឋានន្តរស័ក្តិរបស់បុគ្គលខាងលើ ព្រមទាំងស្រាវជ្រាវរាល់ការអះអាងពាក់ព័ន្ធ ដើម្បីបញ្ជាក់ការពិត និងចាត់វិធានការតាមច្បាប់ ប្រសិនបើរកឃើញមានបទល្មើស។

ការបញ្ជាក់ឱ្យបានច្បាស់លាស់ និងការអនុវត្តច្បាប់ដោយតម្លាភាព មិនត្រឹមតែជួយការពារប្រជាពលរដ្ឋពីការបោកបញ្ឆោតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារកិត្តិយស សេចក្តីថ្លៃថ្នូរ និងភាពជឿជាក់របស់ស្ថាប័នយោធាផងដែរ៕