កម្ពុជា-អ៊ីស្រាអ៊ែល ឯកភាពលើការពង្រឹងយន្តការពិគ្រោះយោបល់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឆ្ពោះទៅកម្រិតថ្មី
ក្នុងជំនួបពិភាក្សាទ្វេភាគីនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ កាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Isaac Herzog ប្រធានាធិបតីអ៊ីស្រាអ៊ែល បានឯកភាពលើការពង្រឹងយន្តការពិគ្រោះយោបល់ និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់ឱ្យបានទៀងទាត់ សំដៅស្វែងរកនិងទាញយកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឆ្ពោះទៅកម្រិតថ្មី។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ីស្រាអ៊ែល ក្នុងរយៈពេលជិត៦ទសវត្សរ៍កន្លមកនេះ និងប្ដេជ្ញាបន្តពង្រឹង និងពង្រីកបន្ថែមទៀតដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជនទាំងពីរ។
ទោះជាយ៉ាងណា សម្ដេចធិបតី ក៏បានសម្ដែងនូវអំណរគុណចំពោះរដ្ឋាភិបាលអ៊ីស្រាអ៊ែល ដែលបានយកចិត្តទុកដាក់ ផ្ដល់ការគាំទ្រ និងទំនុកបម្រុងដល់និស្សិត និងប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងអ៊ីស្រាអ៊ែល៕
