សម្ដេចតេជោ ហ៊ុន សែន រំលឹកពីជំនួបចរចារវាងសម្តេចព្រះនរោត្តមសីហនុ-ហ៊ុន សែន ដែលគេតែងនិយាយថា(ជំនួបសីហនុ-ហ៊ុន សែន) ថ្ងៃ២ធ្នូ១៩៨៧ មុនឈានដល់កិច្ចព្រមព្រៀងក្រុងប៉ារីស (២៣ តុលា ១៩៩១)
នៅលើបណ្ដាញសង្គមផ្លូវការ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសរសេរយ៉ាងដូច្នេះថា ៖ ក្រឡេកមើលទៅក្រោយ! ថ្ងៃ២៣ តុលា ១៩៩១ ម៉ោង៣ល្ងាច នៅទីក្រុងប៉ារីសប្រទេសបារាំងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលនិយមហៅថា(កិច្ចព្រមព្រៀងប៉ារីស)។ដើមឈើមួយដើមត្រូវមានគល់ មានដើម មានមែក មានស្លឹកទើបហៅថា ដើមឈើបាន។ដូចគ្នានេះដែរកិច្ចព្រមព្រៀងប៉ារីស បានចាប់ផ្តើមពីជំនួបចរចា រវាងសម្តេចព្រះនរោត្តមសីហនុ ជាមួយរូបខ្ញុំហ៊ុន សែន ដែលគេតែងនិយាយថា(ជំនួបសីហនុ.ហ៊ុន សែន) ថ្ងៃ២ធ្នូ១៩៨៧។គ្មានជំនួបសីហនុ .ហ៊ុន សែន វាក៏គ្មានកិច្ចព្រមព្រៀងប៉ារីសដែរ។យើងបានប្រើពេលជាច្រើន ដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយនេះ។បើគិតពីថ្ងៃ២ ធ្នូ ១៩៨៧ ដល់ ២៣ តុលា ១៩៩១ គឺមានរយៈពេល១,៤២១ថ្ងៃ ត្រូវជា២០៣សប្តាហ៍ ស្មើនឹង៤៦ខែ និង២១ថ្ងៃ ឬ៣ឆ្នាំ ១០ខែនិង២១ថ្ងៃ។ខ្ញុំជាមនុស្សតែម្នាក់គត់ ដែលមានវេទិកាចរចាច្រើនជាងគេ (ពាក្យនេះពួកតាំងខ្លួនជាបិតា២៣តុលាច្បាស់ជាពេប ជ្រាយ) ដែលអាចបញ្ជាក់ បាននៅត្រង់មួយទល់បី (ខ្ញុំហ៊ុន សែន ត្រូវតទល់ជាមួយសម្តេចព្រះនរោត្តមសីហនុផង ជាមួយលោកតាសឺន សានផងជាមួយខៀវ សំផនផង) ដែលពេលខ្លះជួបដោយឡែក និងពេលខ្លះជួបរួម។ឯដៃគូបរទេសមិនថា ប្រទេសគាំទ្រទេប្រទេសដែលមិនគាំទ្រ ក៏ត្រូវការជួបជាមួយហ៊ុន សែនដើម្បីពន្យល់គ្នាឬស្វែងយល់ឬស្វែងរកការស្រុះស្រួល។នៅក្នុងវេទិកាចរចាខ្ញុំជាមនុស្ស ដែលមានវ័យក្មេងជាងគេក្នុងចំណោមភាគីកម្ពុជា និងប្រតិភូពីប្រទេសដែលចូលរួម ដែលចាប់ផ្តើមចរចាអាយុ៣៥ឆ្នាំនិងពេលចុះហត្ថលេខាអាយុ៣៩ឆ្នាំ។អបអរសាទរខួបលើកទី៣៥ឆ្នាំនៃកិច្ចព្រមព្រៀងប៉ារីស២៣តុលា១៩៩១។
