ឯកឧត្តម ហេង សួរ អញ្ជើញចូលរួម រាត្រីសប្បុរសធម៌ដើម្បីគាំទ្រការអប់រំ និងអបអរសាទរខួបលើកទី៣០ នៃអង្គការ PSE
ថ្ងៃចេញផ្សាយៈ 23/10/2026
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធី ពិសាអាហារសប្បុរសធម៌ដើម្បីគាំទ្រការអប់រំ (Gala Dinner for Education) និងការប្រារព្ធខួបលើកទី៣០ នៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កាលពីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra។ កម្មវិធី ដែលមានការចូលរួមពីដៃគូវិស័យឯកជន និងសប្បុរសជនជាតិ-អន្តរជាតិ គឺជាការជួបជុំ និងថ្លែងអំណរគុណចំពោះដៃគូទាំងអស់ ដែលបានចូលរួមគាំទ្រដល់ការបន្តផ្តល់សេវាចាំបាច់ដល់កុមារងាយរងគ្រោះនៅអង្គការ PSE ព្រមទាំងទទួលទានអាហាសាមគ្គីក្នុងស្មារតីសហការ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមពិធីដ៏មានអត្ថន័យ និងបានថ្លែងអបអរសាទរក្នុងឱកាសប្រារព្ធខួបលើកទី៣០ នៃការបង្កើតអង្គការ PSE ដែលចាប់ផ្តើមឡើងពីបេសកកម្មប្រកបដោយមេត្តាធម៌របស់លោក Christian និងលោកស្រី Marie-France des Pallières ក្នុងការផ្តល់អាហារ និងការការពារដល់កុមារមួយចំនួនរហូតរីកចម្រើនក្លាយជាស្ថាប័នមនុស្សធម៌ និងអប់រំដ៏មានឥទ្ធិពលមួយ ដែលជាប្រភពនៃក្តីសង្ឃឹម សេចក្តីថ្លៃថ្នូរ និងឱកាសសម្រាប់កុមារ និងយុវជនកម្ពុជា។ ឯកឧត្តមមានប្រសាសន៍ថា រយៈពេល៣០ឆ្នាំនៃការប្តេជ្ញាចិត្តឥតងាករេបាននាំយកមកនូវស្នាមញញឹមត្រឡប់មកវិញ ជូនយុវជនកម្ពុជា។ រយៈពេល៣០ឆ្នាំនៃការប្រែក្លាយការលំបាកទៅជាក្តីសង្ឃឹម និងក្តីសុបិនឱ្យក្លាយជាការពិត។
ឯកឧត្តមបានលើកឡើងថា PSE ជាដៃគូដ៏សំខាន់ និងគួរឱ្យទុកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍវិស័យ TVET ជាពិសេសតាមរយៈការផ្តល់ជំនាញឆ្លើយតបនឹងតម្រូវការទីផ្សារការងារដល់យុវជនងាយរងគ្រោះ ដើម្បីឱ្យទទួលបានការងារសមរម្យ កសាងជីវភាពប្រកបដោយចីរភាព និងអនាគតដ៏ភ្លឺស្វាង។ តាមរយៈភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយក្រសួង PSE បានផ្តល់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយគុណភាពខ្ពស់ដល់យុវជនងាយរងគ្រោះ។ វិធីសាស្ត្រអភិវឌ្ឍសិស្សរបស់ PSE ផ្តោតលើការផ្តល់ចំណេះដឹង ជំនាញបច្ចេកទេស និងជួយពង្រឹងសីលធម៌ និងចរិតលក្ខណៈល្អប្រពៃដល់សិស្ស។ មូលដ្ឋានដ៏រឹងមាំ និងចម្រុះនេះ ធ្វើឱ្យ PSE ទទួលបានការជឿទុកចិត្ត និងទទួលស្គាល់យ៉ាងទូលំទូលាយពីវិស័យឯកជន ព្រមទាំងកសាងកេរ្តិ៍ឈ្មោះដ៏ល្អក្នុងវិស័យបដិសណ្ឋារកិច្ច សេវាកម្ម មេកានិច និងជំនាញបច្ចេកទេសផ្សេងៗ។
ឯកឧត្តមមានប្រសាសន៍ថា រាត្រីសប្បុរសធម៌ដ៏ពិសេសនេះ មិនមែនគ្រាន់តែជាកម្មវិធីរៃអង្គាសថវិកាប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមវិនិយោគលើអនាគតរបស់កម្ពុជា។ ការគាំទ្រដ៏សប្បុរស មិនមែនគ្រាន់តែជាសកម្មភាពសប្បុរសធម៌នោះទេ ប៉ុន្តែគឺជាការវិនិយោគលើសក្តានុពលមនុស្ស។ ការបរិច្ចាគ និងភាពជាដៃគូនារាត្រីនេះ សុទ្ធតែជាការរួមចំណែកដល់ការបន្តសិក្សាដល់កុមារ ការទទួលបានជំនាញវិជ្ជាជីវៈដ៏មានតម្លៃដល់យុវជន និងជួយឱ្យគ្រួសារពួកគាត់អាចដកខ្លួនចេញពីភាពក្រីក្រ។
ឯកឧត្តមបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនបារាំង ដែលបានបង្ហាញនូវក្តីមេត្តាករុណា សាមគ្គីភាព និងសប្បុរសធម៌អស់រយៈពេល ៣០ ឆ្នាំមកនេះក្នុងការគាំទ្របេសកកម្មរបស់អង្គការ PSE លើកកម្ពស់ជីវភាព និងអនាគតរបស់កុមារកម្ពុជា។ ចក្ខុវិស័យ និងកេរដំណែលរបស់ស្ថាបនិក PSE នៅតែបន្តជំរុញឱ្យមានការគាំទ្រពីប្រជាជនកម្ពុជា។ ឯកឧត្តមបានលើកទឹកចិត្តដល់ដៃគូវិស័យឯកជន សូមបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ PSE តាមរយៈការផ្តល់ឱកាសបណ្តុះបណ្តាលការងារ កម្មសិក្សា និងការជ្រើសរើសសិស្ស PSE ឱ្យចូលបម្រើការងារ។
ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីនេះនឹងទទួលបានការបរិច្ចាគលើសពីការរំពឹងទុកពីសំណាក់សប្បុរសជន ដើម្បីជួយ PSE បន្តទទួលបានជោគជ័យក្នុងបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួនក្នុងការផ្តល់ភាពអង់អាចដល់កុមារ និងគ្រួសារងាយរងគ្រោះ ការផ្លាស់ប្តូរជីវិតឱ្យកាន់តែប្រសើរ និងការពង្រីកឱកាស ដើម្បីកសាងអនាគតមួយពោរពេញដោយវិបុលភាព និងចីរភាពសម្រាប់កម្ពុជា។
លោកស្រី លក្ខិណា ដេ ប៉ាលីយែរ អគ្គនាយិកាអង្គការ PSE បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហេង សួរ ដែលបានអញ្ជើញចូលរួមនារាត្រីនេះ និងគាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារ ជាពិសេសអង្គការ PSE។ លោកស្រីបានគូសបញ្ជាក់ថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ PSE បានជួយកុមារមកពីគ្រួសារក្រីក្រឱ្យមានអនាគតល្អប្រសើរតាមរយៈការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យពួកគេមានជំនាញ ទទួលបានការងារធ្វើ និងកសាងអនាគតដ៏ភ្លឺស្វាង។ លោកស្រីបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការគាំទ្រពីក្រុមហ៊ុន ដៃគូ និងសប្បុរសជន ដោយចាត់ទុកថា រាល់ការរួមចំណែកទាំងអស់សុទ្ធតែមានតម្លៃក្នុងការបង្កើតឱកាស និងផ្លាស់ប្តូរជីវិតរបស់កុមារ និងយុវជនកម្ពុជា៕
