សម្ដេចតេជោ ហ៊ុន សែន ៖ ប្រជារាស្រ្តទូទាំងប្រទេស សូមសម្តែងនូវ ការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិកម្ពុជា

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ គឺជាថ្ងៃគម្រប់ខួប១៤ព្រះវស្សា ដែលព្រះបរមរតនកោដ្ឋ បានយាងសោយព្រះទិវង្គត(១៥ តុលា ២០១២-១៥ តុលា ២០២៦)។ នៅលើបណ្ដាញសង្គមផ្លូវការ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសេរថា ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ គឺជាថ្ងៃគម្រប់ខួប១៤ព្រះវស្សា ដែលសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» ព្រះអង្គបានយាងសោយព្រះទិវង្គត នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។
នៅថ្ងៃនេះ ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។
កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕