កម្ពុជាមិនមែនជាប្រភពដើមនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ ហេីយរាជរដ្ឋាភិបាលប្តេជ្ញាបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគ្មានការលើកលែង និងមិនរាថយ។

“ប្រទេសកម្ពុជាមិនមែនជាប្រភពដើមនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ ប៉ុន្តែប្រទេសកម្ពុជា
ត្រូវបានជ្រើសរើសជាគោលដៅមួយក្នុងចំណោមប្រទេសផ្សេងៗទៀតក្នុងការប្រព្រឹត្តសកម្មភាពឆបោក។” នេះបេីតាមប្រសាសន៍របស់ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជា
ប្រធានលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ ដែលបានថ្លែងក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”
ដែលប្រព្រឹត្តទៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦​ នាសណ្ឋាគារសូហ្វីតែល​ ភូគីត្រា​ រាជធានីភ្នំពេញ។
ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណី ដែលបានវិវត្តប្រែក្លាយទៅជាបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគស្មាញ និងលែងជាហេតុការណ៍កើតឡើងដាច់ដោយឡែកទៀតហើយ ប៉ុន្តែជាផ្នែក
មួយនៃបណ្តាញឧក្រិដ្ឋកម្មដ៏ទូលំទូលាយ ដែលប្រទាក់ក្រឡាជាញឹកញាប់ជាមួយបទល្មើសផ្សេងទៀត។
ឯកឧត្តមបានបន្តថា៖”ផលប៉ះពាល់អវិជ្ជមាន
បានកើតឡើងលើគ្រប់វិស័យ ទាំងលើផ្នែកសន្តិសុខជាតិនិងសណ្តាប់ធ្នាប់សាធារណៈ វិស័យទេសចរណ៍
ការវិនិយោគ និងសេដ្ឋកិច្ចទាំងមូល ព្រមទាំងកេរ្តិ៍ឈ្មោះ មុខមាត់និងសេចក្តីថ្លៃថ្នូររបស់កម្ពុជាលើឆាក
អន្តរជាតិ។ ជនដែលប្រព្រឹត្តប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងនេះមកពីទីកន្លែងផ្សេងៗគ្នា។
ផលប៉ះពាល់ទាំងអស់នេះ ត្រូវបានធ្លាក់មកលើប្រទេសកម្ពុជា ដែលជាប្រទេសរងគ្រោះ។ បណ្តាញឧក្រិដ្ឋកម្មឆ្លងដែនដែលជាជនបរទេស បានប្រើប្រាស់ទឹកដីកម្ពុជាដើម្បីធ្វើការឆបោកតាមប្រព័ន្ធ
បច្ចេកវិទ្យា ទៅលើជនរងគ្រោះនៅក្រៅប្រទេស រួមទាំងប្រជាជនកម្ពុជាផងដែរ។”
ប្រឈមខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានផ្តួចផ្តើមគំនិតដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះនិងម្ចាស់ការក្នុងការរៀបចំសន្និសីទអន្តរជាតិនេះ ដោយមាន
ការចូលរួមសហការគាំទ្រពីអង្គការអន្តរជាតិជាដៃគូ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត ឆន្ទៈនយោបាយរបស់
រាជរដ្ឋាភិបាល និងលទ្ធផលនៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគ្មានការ
លើកលែង និងមិនរាថយ ព្រមទាំងការបើកចំហរកិច្ចសហប្រតិបត្តិការអន្តរជាតិ។
កម្ពុជាសង្ឃឹមថា អង្គសន្និសីទនឹងមានការយល់ឃើញរួមគ្នា និងយល់ព្រមអនុម័តលើសេចក្តីប្រកាសរួមមួយ ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមក្នុងការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងផ្តល់នូវក្របខ័ណ្ឌសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការចែករំលែកព័ត៌មាន ការកសាងសមត្ថភាព ការបង្ការ ការអនុវត្តច្បាប់ ការការពារជនរងគ្រោះ និង ការសម្របសម្រួលគ្នាក្នុងការឆ្លើយតបចំពោះឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។