ករណី កា វ៉ាន់សុខ ក្រោយចេញពីពន្ធនាគារពាក់ព័ន្ធនឹងការប្រព្រឹត្តចោរកម្ម ស្រាប់តែបង្ហាញខ្លួនក្នុងឯកសណ្ឋានយោធា ខណៈការបែកធ្លាយការឆបោក និងគំរាមកំហែងសម្លាប់អ្នកសារព័ត៌មានស្ត្រីជាច្រើនករណី
(ព្រះវិហារ)៖ សាធារណជនស្នើឱ្យក្រសួងការពារជាតិ ស្ថាប័នយោធា និងសមត្ថកិច្ចពាក់ព័ន្ធ បើកការស្រាវជ្រាវ និងផ្ទៀងផ្ទាត់ស្ថានភាពរបស់បុគ្គលឈ្មោះ កា វ៉ាន់សុខ បន្ទាប់ពីរូបភាពបុគ្គលនេះស្លៀកពាក់ឯកសណ្ឋានយោធា ត្រូវបានចែករំលែកតាមបណ្តាញសង្គម ក្រោយមានព័ត៌មានថា លោកធ្លាប់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីចោរកម្មកាលពីឆ្នាំ២០២០ និងមានការអះអាងជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការទទួលប្រាក់ជាថ្នូរនឹងការសន្យារត់ការចូលក្របខ័ណ្ឌកងទ័ព ព្រមទាំងសារដែលត្រូវបានចាត់ទុកថាជាការគំរាមកំហែងសម្លាប់ដល់អ្នកដទៃនិងអ្នកសារព័ត៌មាន។
ចំណុចដែលកំពុងបង្កើតជាចម្ងល់សម្រាប់សាធារណជន គឺបន្ទាប់ពីប្រវត្តិឃាត់ខ្លួនក្នុងសំណុំរឿងចាស់ និងការអះអាងថាបានចេញពីពន្ធនាគារអស់រយៈពេលជាងមួយឆ្នាំ បុគ្គលរូបនេះស្រាប់តែបង្ហាញខ្លួនក្នុងឯកសណ្ឋានយោធា ព្រមទាំងមានសញ្ញាសម្គាល់ឋានន្តរស័ក្តិ ដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនចង់ដឹងថា តើលោកជាមន្ត្រីយោធាពិតប្រាកដ ឬមានការប្រើប្រាស់ឯកសណ្ឋានដើម្បីបង្កើតភាពជឿជាក់ និងឥទ្ធិពលលើអ្នកដទៃក្នុងប្រព្រឹត្តអំពើទុច្ចរិត។
សូមរំលឹកថា៖យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញបានឃាត់ខ្លួនបុរសឈ្មោះ កា វ៉ាន់សុខ អាយុ២៤ឆ្នាំបច្ចុប្បន្នអាយុ៣០ឆ្នាំនៅពេលនោះ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ AMK ដែលត្រូវបានរាយការណ៍ថាបានកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ របាយការណ៍ដដែលបានបញ្ជាក់ថា សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធីច្បាប់។ ចំណែកលទ្ធផលសំណុំរឿង និងរយៈពេលនៃការអនុវត្តទោស មិនទាន់ទទួលបានឯកសារតុលាការជាផ្លូវការនៅឡើយទេ។
ដោយឡែក ក្នុងពេលថ្មីៗនេះ ជនរងគ្រោះម្នាក់បានបង្ហាញឯកសារសរសេរដោយដៃដែលមានចំណងជើងថា «កិច្ចសន្យាទទួលប្រាក់» ដោយអះអាងថា បានប្រគល់ប្រាក់ចំនួន១លានរៀលឱ្យលោក កា វ៉ាន់សុខ ជាថ្នូរនឹងការសន្យាជួយរត់ការចូលក្របខ័ណ្ឌកងទ័ព ជនរងគ្រោះបានអះអាងថា ការសន្យានោះមិនបានសម្រេច ហើយខ្លួនបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចរួចហើយ ដើម្បីស្នើឱ្យស្រាវជ្រាវ និងដោះស្រាយតាមច្បាប់។
ជាមួយគ្នានេះ ក៏មានការលើកឡើងពីសារជាអក្សរ និងសំឡេង ដែលត្រូវបានអះអាងថាមានខ្លឹមសារគំរាមកំហែងដល់ស្ត្រី និងអ្នកសារព័ត៌មានមួយចំនួន។ ករណីនេះបានបង្កើនការព្រួយបារម្ភ និងនាំឱ្យមានសំណើឱ្យសមត្ថកិច្ចពិនិត្យភស្តុតាងពាក់ព័ន្ធ ដើម្បីបញ្ជាក់ការពិត និងចាត់វិធានការតាមនីតិវិធី ប្រសិនបើរកឃើញបទល្មើស។
សាធារណជនយល់ថា ការផ្ទៀងផ្ទាត់ឯកសណ្ឋានយោធា និងស្ថានភាពបម្រើការងាររបស់បុគ្គលខាងលើ គឺជាចំណុចសំខាន់ដែលមិនគួរមើលរំលង ប្រសិនបើមានការប្រើប្រាស់ឯកសណ្ឋាន ឬឋានន្តរស័ក្តិយោធាខ្លែងបន្លំ ដើម្បីបោកបញ្ឆោតប្រជាពលរដ្ឋ យកប្រាក់ ឬគំរាមកំហែងអ្នកដទៃ នោះស្ថាប័នពាក់ព័ន្ធគួរចាត់វិធានការតាមច្បាប់ ។
ហេតុនេះ សាធារណជនស្នើឱ្យក្រសួងការពារជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ បញ្ជាក់ឱ្យបានច្បាស់ថា តើ កា វ៉ាន់សុខ មានឈ្មោះក្នុងក្របខ័ណ្ឌយោធាដែរឬទេ ហើយការប្រើប្រាស់ឯកសណ្ឋាន និងសញ្ញាសម្គាល់ឋានន្តរស័ក្តិនោះមានភាពត្រឹមត្រូវតាមបទប្បញ្ញត្តិដែរឬយ៉ាងណា ការបញ្ជាក់ជាផ្លូវការនឹងជួយបំបាត់ចម្ងល់របស់សាធារណជន «ការពារកិត្តិយសស្ថាប័ន» និងទប់ស្កាត់ហានិភ័យដែលអាចកើតមានចំពោះប្រជាពលរដ្ឋ៕
