ស្ថានទូតព្រីតថេនប្រចាំកម្ពុជា ៖ សប្ដាហ៍នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ព្រីតថេន នឹងមកប្រទេសកម្ពុជាដើម្បីពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ការក្លែងបន្លំ និងឧក្រិដ្ឋកម្មឆ្លងដែន
ថ្ងៃចេញផ្សាយៈ 23/09/2026
បណ្ដាញសង្គមផ្លូវការរបស់ស្ថានទូតព្រីតថេនប្រចាំកម្ពុជានៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានផ្សាយថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ព្រីតថេន នឹងមកប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ការក្លែងបន្លំ និងឧក្រិដ្ឋកម្មឆ្លងដែន
បើតាមសំណេរទាំងស្រុងរបស់ស្ថានទូតព្រីតថេនប្រចាំកម្ពុជា បណ្តាញឧក្រិដ្ឋជនគ្មានព្រំដែនទេ។ ដូច្នេះ កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងពួកគេ ក៏ត្រូវតែគ្មានព្រំដែនដូចគ្នា។
សប្ដាហ៍នេះ យើងមានសេចក្ដីសោមនស្សរីករាយស្វាគមន៍ Lord Hanson រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃរបស់ព្រីតថេន មកកាន់ប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ការក្លែងបន្លំ និងឧក្រិដ្ឋកម្មឆ្លងដែន។
ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់កម្ពុជា Lord Hanson នឹងចូលរួមជាមួយដៃគូអន្តរជាតិនានា ក្នុងសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ថ្មីរវាងព្រីតថេន និងកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រឈមមុខនឹងការគំរាមកំហែងសកលដែលកំពុងកើនឡើងនេះ។
លោកក៏នឹងជួបពិភាក្សាជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអ្នកសារព័ត៌មាន ដើម្បីស្វែងយល់បន្ថែមអំពីការវិវត្តនៃបញ្ហានេះនៅកម្ពុជា។
កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាពិតជាមានសារៈសំខាន់។ តាមរយៈការប្រមូលផ្ដុំដៃគូអន្តរជាតិ និងការពង្រឹងកិច្ចសហប្រតិបត្តិការ កម្ពុជាកំពុងរួមចំណែកដោះស្រាយបញ្ហាឧក្រិដ្ឋកម្មដែលកំពុងរីកលូតលាស់លឿនបំផុតមួយនៅលើពិភពលោក។
រួមគ្នាព្រីតថេន និងកម្ពុជា អាចរំខានដំណើរការ និងបង្ក្រាបបណ្ដាញឧក្រិដ្ឋជន ការពារប្រជាពលរដ្ឋដែលងាយរងគ្រោះ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ»៕
