បុរស និងស្រ្តីជនជាតិចិនចំនួន៤នាក់ ត្រូវបានតុលាការាជធានីភ្នំពេញបានបង្គាប់ឱ្យឃុំខ្លួនពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញ(Online Scams) និងអំពើគេចវេះពន្ធ ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ។

តាមការផ្សាយរបស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បុរស និងស្រ្តីជនជាតិចិនចំនួន៤នាក់ ត្រូវបានតុលាការាជធានីភ្នំពេញបង្គាប់ឱ្យឃុំខ្លួនពាក់ព័ន្ធនឹងបទល្មើសឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង (Online Scams) និងអំពើគេចវេះពន្ធ ដែលប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ។
បើតាមដីកាចំនួន៤ផ្សេងគ្នាចេញដោយលោក អាំង ចិន្តា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បុរស និងស្រ្តីជនជាតិចិនចំនួន៤នាក់ ដែលតុលាការាជធានីភ្នំពេញបានបង្គាប់ឱ្យឃុំខ្លួនមាន ទី១-ឈ្មោះ LIN DONGPING ភេទប្រុស ទី២-ឈ្មោះ LIN WUTONG ភេទប្រុស ទៅឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ម១) ចំណែកទី៣-ឈ្មោះ SUN JIAXIU ភេទស្រី និងទី៤-ឈ្មោះ LAI ZUOXIANG ភេទស្រី ត្រូវឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ (ម២) ដោយអនុវត្តតាមច្បាប់។ នេះបើតាម
បើតាមដីកាដដែល ជនត្រូវចោទទាំង៤នាក់នេះ ត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង និងគេចវេះពន្ធ ប្រព្រឹត្តនៅចំណុចផ្ទះលេខ៣៥ និងផ្ទះលេខ២៤ បុរីរីវើរ៉ា វិថីកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីអំឡុងឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៣៧៧ មាត្រា៣៨០ និងមាត្រា៣៨១ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៤ នៃច្បាប់ស្តីពីគយ ។
ដោយឡែក នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យអគារ Diamond star ស្ថិតនៅលើផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយឃាត់ខ្លួនជនសង្ស័យ ដែលជាបុរសជនជាតិចិន៣នាក់ និងស្ត្រីខ្មែរ៤នាក់ រួមទាំងវត្ថុតាង រួមមាន កុំព្យូទ័រ ALL IN ONE ចំនួន២២គ្រឿង ទូរស័ព្ទដៃចំនួន៣៨គ្រឿង Laptop ចំនួន១គ្រឿង ម៉ូនីទ័រចំនួន១២គ្រឿង ក្បាល DVR ចំនួន១គ្រឿង លិខិតឆ្លងដែនជនជាតិចិនចំនួន៣ច្បាប់ ។
បើតាមសន្និដ្ឋានសមត្ថកិច្ចថា ករណីខាងលើនេះ គឺជាករណីលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams ក្រោមរូបភាពឆបោកបែបស្នេហា(Romance Scam) ឱ្យបង្កើតគណនី ដើម្បីជួញដូររូបិយប័ណ្ណអេឡិចត្រូនិច(Wallet) ដែលមានគោលដៅទៅកាន់ប្រទេសផ្សេងៗ និងលួងលោមអូសទាញលក់សេវាកម្មផ្លូវភេទ។ ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានក្រុមការងារចម្រុះបានសម្រេចប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តស្រាវជ្រាវអនុវត្តតាមនីតិវិធី។
គួររំឭកថា សម្តេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានបញ្ជាក់នាពេលកន្លងមកថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ ហើយវិធានការដែលបាននិងកំពុងអនុវត្តនេះ នឹងអាចធ្វើឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕