ក្រសួងវប្បធម៌ ៖ ប្រតិមាព្រះឥសូរដ៏ធំជាងគេមួយក្នុងប្រទេសកម្ពុជាដែលមានកម្ពស់៥ម៉ែត្រ និងទម្ងន់ប្រមាណ ៧តោននិងមានការបែកបាក់ដល់ទៅជាង១ម៉ឺនបំណែកបានបញ្ចប់ការជួសជុលដោយជោគជ័យនៅអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាប

បណ្ដាញសង្គមផ្លូវការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរការបញ្ចប់ការជួសជុលដោយជោគជ័យនៃប្រតិមាព្រះឥសូររាំដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ។
លោកជំទាវបណ្ឌិតសភាចារ្យ បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅក្រុមអ្នកជំនាញ នៃសាលាបារាំងចុងបូព៌ា គណៈកម្មាធិការបច្ចេកទេស និងដៃគូសម្ព័ន្ឋភាពការពារបេតិកភ័ណ្ឌ ចំពោះការខិតខំស្តារនិងស្រោចស្រង់ផ្គុំរូបរាងប្រតិមាព្រះឥសូរដែលមានអាយុកាលជាងមួយពាន់ឆ្នាំនេះមកល្អឡើងវិញ ។
លោកជំទាវសង្ឃឹមថា រូបបដិមាដ៏ធំ នេះនឹងវិលត្រលប់ទៅកាន់ទីតាំងដើមនៅប្រាសាទកោះកេរ្តិ៍វិញទុកជាទីសក្ការៈសម្រាប់ការគោរពទៅតាមេជំនឿទំនៀមទំលាប់ពីដូនតាខ្មែរនិងជាការទាក់ទាញលំហូរទេសចរទៅកាន់តំបន់ប្រាសាទកោះកេរ្តិ៍កាន់តែច្រើនឡើងជាលំដាប់។
សូមបញ្ជាក់ថា ប្រតិមាព្រះឥសូរដ៏ធំមួយនេះប្រើរយៈពេលជួសជុលជាង៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិព្រះវិហារ និងសាលាបារាំងចុងបូព៌ា និងមានការគាំទ្រដោយសម្ព័ន្ធភាពបេតិកភណ្ឌ។ ប្រតិមាព្រះឥសូរ មានកម្ពស់ ៥ម៉ែត្រ មានព្រះភក្ត្រ៥ ព្រះហស្ថ១០ និងទម្ងន់ប្រមាណ ៧តោន។ ប្រិតិមានេះបានរលំបាក់ក្នុងសតវត្សទី១៤ មានសភាពបែកបាក់ចំនួនជាង ១ម៉ឺនបំណែក និងត្រូវបានចោរចូលលួចក្នុងសម័យសង្គ្រាមស៊ីវិល។ បច្ចុប្បន្នប្រតិមានេះត្រូវបានតម្កល់នៅអភិរក្សស្ថានអង្គរជាបណ្ដោះអាសន្នសិន៕