ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្លូវលេខ ៣៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រង់ចាំមើលចំណាត់ការរបស់អាជ្ញាធរនៅក្នុងមូលដ្ឋាន តើមានចំណាត់ការយ៉ាងណាចំពោះទីតាំងលួចបង្កប់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញនេះ !

ប្រជាពលរដ្ឋនៅសង្កាត់ស្រះចក រង់ចាំមើលវិធានការម៉ឺងម៉ាត់របស់អាជ្ញាធរ ចំពោះទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់
រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយ ផ្លូវលេខ ៣៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ កំពុងដាក់ការរំពឹងទុក និងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះចំណាត់ការរបស់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ថាតើនឹងមានវិធានការផ្លូវច្បាប់យ៉ាងណាចំពោះទីតាំងសង្ស័យលួចបង្កប់ការធ្វើអាជីវកម្មល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ ដែលកំពុង បង្កប់ខ្លួនយ៉ាងស្ងៀមស្ងាត់ក្នុងសហគមន៍របស់ពួកគេ។
តាមរយៈការលើកឡើងពីសំណាក់ប្រជាពលរដ្ឋ បានឱ្យដឹងថា ទីតាំងខ្លះត្រូវបានគេបន្លំភ្នែកសាធារណជន ក្រោមរូបភាពជាអាជីវកម្មស្របច្បាប់ណាមួយ ប៉ុន្តែបែរជាលួចបង្កប់នូវសកម្មភាពទុច្ចរិត ពាក់ព័ន្ធនឹងបណ្តាញល្បែងស៊ីសងអនឡាញយ៉ាងខ្មៅងងឹត ដែលបង្កជាក្តីបារម្ភយ៉ាងខ្លាំង។ សកម្មភាពទាំងនេះ មិនត្រឹមតែខុសច្បាប់ឆ្ពោះទៅរកការពង្រឹងគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឬសគល់នៃការបង្កើនហានិភ័យសង្គមផ្សេងៗ ដូចជា អំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ បញ្ជ្ហាជំពាក់ប្រាក់វ័ណ្ឌក និងការធ្លាក់ចុះសីលធម៌យុវជន។
ទោះបីជារាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដូនពេញ តែងតែដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការបោសសម្អាត និងទប់ស្កាត់រាល់ទីតាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋាន ក៏ប៉ុន្តែភាពយឺតយ៉ាវ ឬភាពអសកម្មពីសំណាក់សមត្ថកិច្ចថ្នាក់មូលដ្ឋានមួយចំនួនតូច អាចធ្វើឱ្យកន្លែងងងឹតទាំងនេះនៅតែមានឱកាសដកដង្ហើមបន្តសកម្មភាពក្រោមតុបាន។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋមូលដ្ឋាន សំណូមពរយ៉ាងទទូចដល់លោកអភិបាលខណ្ឌដូនពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ និងស្រាវជ្រាវជាបន្ទាន់ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគ្មានការយោគយល់ បើរកឃើញថាកន្លែងណាមួយមានការពាក់ព័ន្ធនឹងការបង្កប់ល្បែងស៊ីសងខុសច្បាប់ សូមចាត់វិធានការផ្លូវច្បាប់ឱ្យបានហ្មត់ចត់ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុខសន្តិភាពជូនប្រជាពលរដ្ឋរស់នៅទីនោះពិតប្រាកដ