តំណាងប្រចាំតំបន់នៃការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានចាត់ទុកកម្ពុជា ជាឧទាហរណ៍មួយនៃប្រទេសដែលកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបិទប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ថ្លែងក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ លោកស្រី Delphine Schantz តំណាងប្រចាំតំបន់នៃការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានចាត់ទុកកម្ពុជា ជាឧទាហរណ៍មួយនៃប្រទេសដែលកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបិទប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកស្រី បន្ថែមថា ការបង្កើតគណៈកម្មការអន្តរក្រសួង/គណៈកម្មការពិសេសស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការរៀបចំសន្និសីទអន្តរជាតិនាពេលនេះ បង្ហាញពីការប្តេជ្ញាចិត្ត និងការបើកចំហររបស់កម្ពុជាក្នុងការសហការជាមួយប្រទេសដទៃ។
លោកស្រី Delphine Schantz ក៏បានរំឭកដែរថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កំពុងក្លាយជាប្រភពចំណូលដ៏សំខាន់របស់ឧក្រិដ្ឋកម្មដែលមានការរៀបចំជាប្រព័ន្ធ និងកំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័សឆ្លងកាត់ព្រំដែន ហើយការខាតបង់ដោយសារការឆបោកនៅអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់ មានចំនួនរហូតដល់១១៤ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ហើយតួលេខនេះមិនទាន់រាប់បញ្ចូលការខាតបង់នៅតំបន់ផ្សេងទៀតនៃពិភពលោកនៅឡើយទេ។
លោកស្រី បានបញ្ជាក់ថា សហរដ្ឋអាម៉េរិកក៏បានប៉ាន់ប្រមាណថា ការខាតបង់ដោយសារការឆបោកមានប្រមាណ១០ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ខណៈ EUROPOL បានចាត់ទុកគម្រោងឆបោកនេះថា ជាវិស័យដែលកំពុងពង្រីកលឿនបំផុតមួយក្នុងចំណោមឧក្រិដ្ឋកម្មដែលមានការរៀបចំជាប្រព័ន្ធ។
លោកស្រី Delphine Schantz ក៏បានស្នើសន្និសីទផ្តោតលើវិស័យសំខាន់ៗចំនួន៥ រួមមាន ១. បង្កើតការយល់ដឹងរួមអំពីនិន្នាការ និងការវិវឌ្ឍនៃឧក្រិដ្ឋកម្មឆបោក។ ២. ពង្រឹងក្របខណ្ឌច្បាប់ និងសមត្ថភាពប្រមូល គ្រប់គ្រង និងវិភាគភស្តុតាងឌីជីថល។ ៣. ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងការចែករំលែកព័ត៌មាន។ ៤. បង្កើនការចូលរួមរបស់វិស័យឯកជន ជាពិសេសវិស័យ FinTech និងបណ្តាញសង្គម។ ៥. សិក្សាឱ្យបានច្បាស់អំពីលំហូរប្រាក់ចំណេញពីការឆបោក និងវិធីទប់ស្កាត់ការយកប្រាក់ទាំងនោះទៅពង្រីកប្រព័ន្ធឧក្រិដ្ឋកម្ម។
លោកស្រី Delphine Schantz សង្កត់ធ្ងន់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនជាបញ្ហាដែលប្រទេសណាមួយអាចដោះស្រាយដោយខ្លួនឯងបានឡើយ ដោយត្រូវការកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់នៅថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ ដើម្បីទប់ស្កាត់ការផ្លាស់ទីរបស់បណ្តាញឧក្រិដ្ឋកម្មពីកន្លែងមួយទៅកន្លែងមួយទៀត៕