សម្ដេចតេជោ ហ៊ុន សែន ៖ អ្វីដែលបងប្អូនខ្មែរឥស្លាមមិនសប្បាយចិត្ត គឺពាក្យពេចន៍ និងឥរិយាបទសម្ដែងរបស់តួអង្គក្នុងពិធីបុកល័ក្តខ្លះ ខ្វះការគោរពចំពោះព្រះរបស់ឥស្លាមទើបធ្វើឱ្យមានប្រតិកម្ម។
ថ្ងៃចេញផ្សាយៈ 25/02/2026
នៅលើបណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ក្បែរភ្លឺយប់មិញខ្ញុំបានបង្ហោះសារទាក់ទងដល់ពិធីបុកល័ក្តដែលមានតួសម្តែងជាខ្មែរឥស្លាម។ ឆ្លងកាត់នូវយោបល់របស់បងប្អូនដែលជាខ្មែរឥស្លាមបង្ហាញឱ្យឃើញថា បងប្អូនមិនបានជំទាស់និងការសម្ដែងដែលមានតួសម្ដែងជាបងប្អូនខ្មែរឥស្លាមនោះទេ។
អ្វីដែលបងប្អូនមិនសប្បាយចិត្តគឺពាក្យពេចន៍ និងឥរិយាបទសម្ដែងខ្លះខ្វះការគោរពចំពោះព្រះរបស់ឥស្លាមទើបធ្វើឱ្យមានប្រតិកម្ម។ រឿងនេះសូមបងប្អូនគ្រប់ក្រុមសម្ដែងត្រូវតែត្រួតពិនិត្យនិងរៀបចំឡើងវិញទាំងកាយវិការទាំងពាក្យសម្ដីនិយាយ។
បងប្អូនឥស្លាមទូទាំងពិភពលោកគោរពខ្លាំងណាស់នូវព្រះអាល់ឡោះដូចនេះមិនអាចសម្ដែងប៉ះពាល់បានទេ។
ដូចនេះបញ្ហានេះបានចាប់ផ្តើមចេញពីការមិនយល់ពីតួអង្គសម្ដែង ឬក្រុមសម្ដែង ដែលទាមទារនូវការកែតម្រូវជាបន្ទាន់ទាំងពាក្យសំដីទាំងកាយវិការសម្រាប់ការសម្ដែង ចៀសវាងឱ្យខាងតែបាននូវពាក្យពេចន៍ ឬកាយវិការខ្វះការគោរពចំពោះបងប្អូនឥស្លាម។ សូមឱ្យស្មារតីសាមគ្គីភាពរវាងជាតិសាសន៍និងសាសនានៅកម្ពុជាបន្តរីកចម្រើនតទៅមុខទៀត៕
