ប្រធានរដ្ឋសភាកម្ពុជា និងសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម ផ្លាស់ប្តូរមតិយោបល់គ្នាទៅវិញមកលើការស្វែងរកយន្តការជាក់ស្តែងរួមថ្មីៗ ដើម្បីជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យសម្រេចបានដល់២០ពាន់លានដុល្លារ នាពេលខាងមុខ។
ថ្ងៃចេញផ្សាយៈ 11/04/2026
នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ត្រឹន កឹមទូ (Trần Cẩm Tú) សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការនៃគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នាទៅវិញមកលើការស្វែងរកយន្តការជាក់ស្តែងរួមថ្មីៗ ដើម្បីជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យសម្រេចបានដល់ ២០ពាន់លានដុល្លារ នាពេលខាងមុខ។ បន្ថែមលើនេះ ក៏បានផ្លាស់ប្តូរយោបល់គ្នាក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ និងកម្មវិធីរួមគ្នា ដើម្បីអបអរសាទរខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ដែលនឹងឈានចូលមកដល់ក្នុងឆ្នាំ២០២៧ ខាងមុខនេះ។
ជាមួយគ្នានេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សង្កត់ធ្ងន់ថា ក្រោមមគ្គទេសក៍ដឹកនាំរបស់ ឯកឧត្តម តូ ឡាំ (Tô Lâm) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ សាធារណរដ្ឋសង្គមនិយមវៀតណាមនោះ វៀតណាមនឹងមានសន្ទុះសេដ្ឋកិច្ចដ៏ខ្លាំងក្លា និងឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនកា្លយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៥ ខាងមុខនេះ៕
