រឿងកាន់តែក្តៅ! សមត្ថកិច្ចបញ្ជាក់អត្តសញ្ញាណអ្នកបើកបររថយន្តពាក់ព័ន្ធករណីបុកម្តាយ និងកូន២នាក់ស្លាប់នៅស្រុករវៀង ខណៈមានរថយន្ត Lexus 570 ដឹកមនុស្ស២ទៅ៣នាក់ មករំដោះយកអ្នកបើកបរចេញពីកន្លែងកើតហេតុ!?
(ព្រះវិហារ)៖ ករណីសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលបណ្តាលឱ្យម្តាយ និងកូន២នាក់ស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ខណៈអត្តសញ្ញាណអ្នកបើកបររថយន្តដែលពាក់ព័ន្ធត្រូវបានអធិការនគរបាលស្រុកបញ្ជាក់ឱ្យដឹងហើយ ក្រោយកើតហេតុអ្នកបើកបរត្រូវបានមនុស្សពីរទៅបីនាក់ជិះរថយន្ត Lexus 570 មួយគ្រឿងមករំដោះយកទៅបាត់!
យោងតាមការបញ្ជាក់របស់លោក
លឹម អង់អាច អធិការនគរបាលស្រុករវៀង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ អ្នកបើកបរដែលពាក់ព័ន្ធនឹងករណីនេះមានឈ្មោះ ឆៃ ហ៊ាលីហេង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិប្រយ៉ាប ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ខណៈរូបភាពជនបង្កត្រូវបានបង្ហាញនៅលើបណ្ដាញសង្គមហ្វេសប៊ុក !?
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា: ក្រោយហេតុការណ៍កើតឡើង ប្រជាការពារមូលដ្ឋានចំនួន២នាក់ បានចូលអន្តរាគមន៍ និងឃាត់អ្នកបើកបរដែលពាក់ព័ន្ធបានភ្លាមៗ មុនពេលរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន!
ប៉ុន្តែអ្វីដែលបង្កជាចម្ងល់នោះ គឺក្រោយមកមានរថយន្ត Lexus 570 ពណ៌ខ្មៅមួយគ្រឿង ដឹកមនុស្សប្រមាណ២ទៅ៣នាក់ បានមកដល់កន្លែងកើតហេតុ និងនាំអ្នកបើកបររូបនេះចេញទៅ ដោយអះអាងថានឹងនាំយកទៅប្រគល់ជូនប៉ុស្តិ៍នគរបាល ទោះជាយ៉ាងណា ក្រោយរថយន្តនោះបានយកជនបង្កចាកចេញទៅបាត់តែម្ដងមិនយកចូលប៉ុស្តិ៍នគរបាលទើបដឹងថា គេមករំដោះ ជនបង្ក!?
ហេតុការណ៍នេះបានបង្កជាសំណួរជាច្រើនដែលសាធារណជនចង់បានចម្លើយ ដូចជា តើអ្នកដែលជិះក្នុងរថយន្ត Lexus 570 នោះជានរណា? តើពួកគេមានទំនាក់ទំនងអ្វីជាមួយអ្នកបើកបររថយន្តដែលបង្កគ្រោះថ្នាក់? ហើយតើការនាំអ្នកបើកបរចេញពីកន្លែងកើតហេតុនោះ មានការប្រគល់-ទទួលជាមួយសមត្ថកិច្ចត្រឹមត្រូវតាមនីតិវិធីដែរឬទេ?
ចំណែករថយន្តដែលត្រូវបានរាយការណ៍ថាពាក់ព័ន្ធនឹងគ្រោះថ្នាក់នេះ លោក អៀម ជិមរត្តនាគា ជាស្វាមី និងជាឪពុកជនរងគ្រោះ បានអះអាងថា ជារថយន្តភីកអាប់ម៉ាក TOYOTA ពណ៌ស ពាក់ស្លាកលេខរដ្ឋ 4751 ដែលលោកស្គាល់ថាជារថយន្តរបស់នាយករដ្ឋបាលសាលាស្រុករវៀង !
សម្រាប់លោក អៀម ជិមរត្តនាគា សោកនាដកម្មនេះគឺជាការបាត់បង់ដ៏ធំធេងបំផុតក្នុងជីវិត ដោយភរិយារបស់លោកឈ្មោះ នុន សូនីកា អាយុ៣០ឆ្នាំ កូនស្រីឈ្មោះ សុខុម សូនីតា អាយុ៩ឆ្នាំ និងកូនឈ្មោះ សុខុម រាជនី អាយុ២ឆ្នាំ បានស្លាប់បាត់បង់ជីវិតទាំង៣នាក់ក្នុងហេតុការណ៍តែមួយ ក្រុមគ្រួសារនេះមានទីលំនៅភូមិបុះពៃ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។
ការបាត់បង់ភរិយា និងកូនទាំងពីរនាក់ក្នុងពេលតែមួយ បានធ្វើឱ្យលោករងទុក្ខសោកយ៉ាងខ្លាំង ខណៈអ្វីដែលលោកកំពុងទន្ទឹងរង់ចាំនាពេលនេះ គឺការបកស្រាយការពិត និងការទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះករណីដែលបានកើតឡើង!
តាមរយៈសារព័ត៌មាន លោក អៀម ជិមរត្តនាគា បានទទូចស្នើសុំដល់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាជួយអន្តរាគមន៍ និងណែនាំដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធ បើកការស្រាវជ្រាវលើករណីនេះឱ្យបានហ្មត់ចត់ និងមានតម្លាភាព!?
ជាពិសេស លោកស្នើឱ្យសមត្ថកិច្ចពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានអំពីរថយន្ត TOYOTA ពណ៌ស ពាក់ស្លាកលេខរដ្ឋ 4751 កំណត់អត្តសញ្ញាណអ្នកបើកបរនៅពេលកើតហេតុ ព្រមទាំងស្រាវជ្រាវរកអត្តសញ្ញាណមនុស្សដែលជិះក្នុងរថយន្ត Lexus 570 និងបំភ្លឺឱ្យបានច្បាស់អំពីការនាំអ្នកបើកបរចេញពីកន្លែងកើតហេតុ ដើម្បីកុំឱ្យមានចម្ងល់ ឬការយល់ច្រឡំក្នុងសង្គម!
លោកក៏ស្នើឱ្យមានការពិនិត្យភស្តុតាងពាក់ព័ន្ធ រួមមានកាមេរ៉ាសុវត្ថិភាព សាក្សីនៅកន្លែងកើតហេតុ និងកំណត់ត្រាប្រតិបត្តិការរបស់សមត្ថកិច្ច ប្រសិនបើមាន ដើម្បីឱ្យការស៊ើបអង្កេតអាចបញ្ជាក់ការពិតបានគ្រប់ជ្រុងជ្រោយ!
សូមបញ្ជាក់ថា ការលើកឡើងពាក់ព័ន្ធនឹងរថយន្ត TOYOTA និងរថយន្ត Lexus 570 ខាងលើ គឺផ្អែកលើការអះអាងរបស់ក្រុមគ្រួសារជនរងគ្រោះ និងប្រភពព័ត៌មានពីកន្លែងកើតហេតុ សារព័ត៌មាននៅមិនទាន់ទទួលបានការបំភ្លឺពីភាគីដែលត្រូវបានលើកឡើង និងលទ្ធផលស៊ើបអង្កេតជាផ្លូវការពីសមត្ថកិច្ចនៅឡើយទេ!
ដូច្នេះ ការកំណត់ការទទួលខុសត្រូវរបស់បុគ្គលណាមួយ? ត្រូវរង់ចាំការស៊ើបអង្កេត និងភស្តុតាងតាមនីតិវិធីច្បាប់!អ្វីដែលក្រុមគ្រួសារជនរងគ្រោះចង់បាន គឺមិនមែនការចោទប្រកាន់ ឬការសងសឹកនោះទេ ប៉ុន្តែគឺការស្វែងរកការពិត និងយុត្តិធម៌ ការបាត់បង់ភរិយា និងកូន២នាក់ មិនអាចមានអ្វីមកជំនួសបានឡើយ! ប៉ុន្តែយ៉ាងហោចណាស់ ការអនុវត្តច្បាប់ដោយតម្លាភាព និងស្មើភាព គឺជាអ្វីដែលអាចផ្តល់ភាពកក់ក្តៅដល់ទឹកចិត្តក្រុមគ្រួសារដែលកំពុងរងទុក្ខសោក!
យុត្តិធម៌មិនគួរមានព្រំដែនរវាងអ្នកមានអំណាច និងប្រជាពលរដ្ឋសាមញ្ញឡើយ ប្រសិនបើមានកំហុស ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយស្មើភាព៕
