ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អញ្ជើញបន្តដឹកនាំប្រជុំពិនិត្យពិភាក្សាលើទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញបន្ដដឹកនាំប្រជុំពិនិត្យពិភាក្សាលើទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ជាមួយឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីជំនាញទទួលបន្ទុកពិនិត្យទោសប្បញ្ញត្តិផងដែរ។
សូមជម្រាបជូនថា បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានបញ្ជូនមកដល់ក្រសួងយុត្តិធម៌ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ បាននិងកំពុងធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់បំផុតលើខ្លឹមសារនៃទោសប្បញ្ញត្តិនីមួយៗ ដើម្បីធានាឱ្យបាននូវសង្គតិភាពជាមួយច្បាប់ជាធរមាន ភាពត្រឹមត្រូវតាមគោលការណ៍នីតិវិធី និងភាពសមាមាត្ររវាងបទល្មើសនិងទោសទណ្ឌ។ ការពិនិត្យឡើងវិញយ៉ាងដិតដល់នេះ មានគោលបំណងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ លើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឱ្យឆ្លើយតបទាន់ពេលវេលាទៅនឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ន ព្រមទាំងដើម្បីទប់ស្កាត់ បង្ការ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នាពេលអនាគតឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
