ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យនិស្សិតស្រីម្នាក់ស្លាប់នៅខណ្ឌដង្កោ

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក យី សុខវួច បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យនិស្សិតស្រីម្នាក់បាត់បង់ជីវិត នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីជនត្រូវចោទរូបនេះត្រូវបានចោទថាបានប្រព្រឹត្តបទល្មើស និងគេចខ្លួន។

យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ជនត្រូវចោទមានឈ្មោះ វ៉ាន់ លាភ ភេទប្រុស កើតថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៨៧ មានទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ននៅភូមិព្រែកសាលា ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនត្រូវចោទរូបនេះ ត្រូវបានចោទប្រកាន់ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ» ដែលប្រព្រឹត្តនៅចំណុចមុខក្រុមហ៊ុន ប៊ូសខន អ៊ិនវេសមិន លើផ្លូវលេខ១០៤ ភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ បទចោទនេះមានចែងឱ្យផ្តន្ទាទោសតាមមាត្រា៨៥ កថាខណ្ឌទី២ ចំណុច «ឃ» នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ក្នុងដីកាដដែល ដោយយោងតាមមាត្រា១៩៥ និងមាត្រា១៩៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ព្រមទាំងយោបល់របស់តំណាងអយ្យការ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ចៅក្រមស៊ើបសួរបានសម្រេចបង្គាប់ឱ្យកម្លាំងសាធារណៈស្រាវជ្រាវ ស្វែងរក និងចាប់ខ្លួនជនត្រូវចោទខាងលើ ដើម្បីនាំខ្លួនមកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់។

ជុំវិញករណីនេះ សូមរំលឹកថា គ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅមួយបានកើតឡើងកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅចំណុចមុខក្រុមហ៊ុន «បូសខនអ៊ិនវេសមិន» ផ្លូវលេខ១០៤ ភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ បណ្តាលឱ្យនិស្សិតស្រីឈ្មោះ ស៊ុ នីសា អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា បាត់បង់ជីវិត។

តាមព័ត៌មានក្នុងសំណុំរឿង គ្រោះថ្នាក់នេះពាក់ព័ន្ធនឹងរថយន្តម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3F-8876 មានសណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ 4A-8550 និងម៉ូតូម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DH-5855 ដែលបើកបរដោយនិស្សិតរងគ្រោះ។ ហេតុការណ៍នេះបានបណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់ ខណៈអ្នកបើកបររថយន្តត្រូវបានរាយការណ៍ថាបានរត់គេចខ្លួនក្រោយកើតហេតុ។

ដោយឡែក តាមការលើកឡើងរបស់ក្រុមគ្រួសារជនរងគ្រោះ កន្លងមកភាគីទាំងពីរធ្លាប់មានការជួបចរចាអំពីសំណង ប៉ុន្តែមិនទាន់អាចឈានដល់ការព្រមព្រៀងគ្នានៅឡើយ។ ក្រុមគ្រួសារបានអះអាងថា តំណាងក្រុមហ៊ុនបានលើកឡើងពីសំណងចំនួន ៧,០០០ដុល្លារ ខណៈពួកគាត់ទាមទារចំនួន ១៧,០០០ដុល្លារ។

ក្រុមគ្រួសារក៏បានលើកឡើងពីអារម្មណ៍រងសម្ពាធក្នុងពេលចរចា ដោយអះអាងថាមានការលើកឡើងក្នុងន័យថា ប្រសិនបើបន្តនាំរឿងទៅដល់ថ្នាក់លើ ឬបន្តដោះស្រាយតាមផ្លូវផ្សេងទៀត ក៏អាចនឹងមិនទទួលបានសំណងបន្ថែមដែរ។ យ៉ាងណាក៏ដោយ ការលើកឡើងនេះគឺជាការអះអាងរបស់ក្រុមគ្រួសារជនរងគ្រោះ ដែលត្រូវការការបញ្ជាក់ពីភាគីពាក់ព័ន្ធ។

ម្តាយរបស់និស្សិតរងគ្រោះបានរៀបរាប់ទាំងក្តីឈឺចាប់ថា កូនស្រីបានស្លាប់ជិត៤ខែមកហើយ ប៉ុន្តែគ្រួសារមិនទាន់ទទួលបានសំណងនៅឡើយ។ អ្នកស្រីបានស្នើសុំឱ្យសាលាដំបូងរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ជួយពិនិត្យ និងយកចិត្តទុកដាក់ចំពោះករណីនេះ ដើម្បីធានាឱ្យក្រុមគ្រួសារទទួលបានយុត្តិធម៌ និងដំណោះស្រាយសំណងសមរម្យស្របតាមច្បាប់។

សម្រាប់ក្រុមគ្រួសារ ប្រាក់សំណងមិនអាចជំនួសជីវិតកូនស្រីដែលបានបាត់បង់ទៅហើយនោះទេ ប៉ុន្តែអ្វីដែលពួកគាត់ចង់បាន គឺការទទួលខុសត្រូវ ការដោះស្រាយដោយត្រឹមត្រូវ និងការអនុវត្តច្បាប់ចំពោះអ្នកពាក់ព័ន្ធ។

ការចេញដីកាបង្គាប់ឱ្យចាប់ខ្លួននេះ គឺជាជំហានមួយក្នុងដំណើរការនីតិវិធីតុលាការ ខណៈក្រុមគ្រួសារជនរងគ្រោះនៅតែរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ចំពោះការបាត់បង់ជីវិតកូនស្រីរបស់ពួកគាត់៕