សាលាដំបូងខេត្តតាកែវ ចាត់ការលើជនត្រូវចោទ៥នាក់ ពាក់ព័ន្ធការផ្តល់លិខិតបញ្ជាក់មិនពិត និងបញ្ចូលទិន្នន័យមិនពិតក្នុងបញ្ជី

(តាកែវ)៖ សាលាដំបូងខេត្តតាកែវ បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌមួយ ពាក់ព័ន្ធនឹងបទល្មើសផ្តល់លិខិតបញ្ជាក់មិនពិត និងបញ្ចូលទិន្នន័យមិនពិតក្នុងបញ្ជី ព្រមទាំងបទសមគំនិតក្នុងអំពើល្មើសទាំងនេះ លើជនត្រូវចោទចំនួន៥នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងការផ្តល់សំបុត្របញ្ជាក់កំណើត និងឯកសារសម្រាប់ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ជនបរទេសជនជាតិវៀតណាមដោយខុសច្បាប់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា សំណុំរឿងនេះមានលេខ ១៤០៧ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលត្រូវបានបញ្ជូនមកពីអយ្យការអមសាលាដំបូងខេត្តតាកែវ ដោយចោទប្រកាន់ជនត្រូវចោទទាំង៥នាក់ តាមបទប្បញ្ញត្តិមាត្រា៦៣៤ និងមាត្រា១៦៩ នៃច្បាប់ស្តីពី«អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម»។

ជនត្រូវចោទទាំង៥នាក់ រួមមាន៖ ១៖ ឈ្មោះ កៅ ភឿន ភេទប្រុស អាយុ៦៩ឆ្នាំ ២៖ ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ៣៩ឆ្នាំ ៣៖ ឈ្មោះ ញ៉ុន ញ៉ាន់ ភេទប្រុស អាយុ៦៣ឆ្នាំ ៤៖ ឈ្មោះ អ៊ុក សុង ភេទប្រុស អាយុ៥៦ឆ្នាំ ៥៖ ឈ្មោះ ប៊ុន យ៉េន ភេទប្រុស អាយុ៤៦ឆ្នាំ ដែលត្រូវបានចោទប្រកាន់ពីបទ«សមគំនិត»ក្នុងអំពើល្មើសខាងលើ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋានចារកម្ម បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ Chau Soi អាយុ៥៩ឆ្នាំ សញ្ជាតិវៀតណាម នៅក្រុងតាខ្មៅ ខេត្តកណ្តាល តាម«ដីកាចាប់ខ្លួន»របស់ប្រទេសវៀតណាម ពាក់ព័ន្ធបទល្មើសឆបោកទ្រព្យសម្បត្តិ។

ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹក ដែលមានឈ្មោះ ម៉ាង ផាត ក្រោយមក សមត្ថកិច្ចបានសហការជាមួយអាជ្ញាធរ និងកម្លាំងជំនាញពាក់ព័ន្ធ ចុះស្រាវជ្រាវនៅភូមិសោម ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ និងបានឃាត់ខ្លួនបុគ្គលចំនួន៥នាក់ខាងលើ មកសាកសួរ និងចាត់ការតាមនីតិវិធី។

ក្រោយពីការស៊ើបអង្កេត សមត្ថកិច្ចបានរកឃើញអង្គហេតុពាក់ព័ន្ធនឹងការផ្តល់សំបុត្របញ្ជាក់កំណើត និងឯកសារសម្រាប់ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ជនបរទេសដោយខុសច្បាប់ ជាលទ្ធផល ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន៥នាក់ជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕