ឪពុកម្ដាយកុមារីអាយុ៦ឆ្នាំ ដែលស្លាប់ក្រោយសម្រាកព្យាបាលនៅគ្លីនិកឯកជន ផេង សុវណ្ណារ័ត្ន ដាក់ពាក្យបណ្ដឹងស្នើសុំអន្តរាគមន៍ និងចាត់វិធានការតាមច្បាប់

(ភ្នំពេញ)៖ ករណីកុមារីអាយុ៦ឆ្នាំម្នាក់បានទទួលមរណភាព ក្រោយសម្រាកព្យាបាលនៅគ្លីនិកឯកជនមួយឈ្មោះ «ផេង សុវណ្ណារ័ត្ន» ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើឱ្យឪពុកម្ដាយកុមារីរងគ្រោះដាក់ពាក្យបណ្ដឹងចូលអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីស្នើសុំអន្តរាគមន៍ និងចាត់វិធានការតាមផ្លូវច្បាប់ ក្រោយមានការសង្ស័យថា អាចមានភាពធ្វេសប្រហែសក្នុងដំណើរការព្យាបាល។

យោងតាមខ្លឹមសារនៃពាក្យបណ្ដឹងរបស់ឈ្មោះ លី សុភ័ក្ត្រ និងភរិយាឈ្មោះ អាត លីដា មានទីលំនៅភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៧៖០០នាទីព្រឹក កូនស្រីរបស់ពួកគាត់ឈ្មោះ សុភ័ក្ត្រ ពេជ្រចរណៃ អាយុ៦ឆ្នាំ មានអាការៈក្តៅខ្លួន ទើបឪពុកម្ដាយបាននាំទៅពិនិត្យ និងព្យាបាលនៅគ្លីនិកឯកជនខាងលើ។

តាមការរៀបរាប់ក្នុងពាក្យបណ្ដឹង នៅពេលពិនិត្យដំបូង គ្រូពេទ្យម្ចាស់គ្លីនិកឈ្មោះ ផេង សុវណ្ណារ័ត្ន បានប្រាប់ថា កុមារីមានជំងឺមួយប្រភេទដែលអាចព្យាបាលជាសះស្បើយបាន ប៉ុន្តែត្រូវការរយៈពេលប្រមាណមួយសប្ដាហ៍ ក្រោយមក គ្រូពេទ្យបានប្រាប់ថា កុមារីមានជំងឺគ្រុនឈាម ហើយឪពុកម្ដាយក៏សម្រេចចិត្តឱ្យកូនសម្រាកព្យាបាលនៅគ្លីនិកនោះ។

ប្រភពដដែលបានបន្តថា ក្នុងអំឡុងពេលសម្រាកព្យាបាលរយៈពេល៦ថ្ងៃ កុមារីមិនមានសភាពធូរស្រាលគួរឱ្យកត់សម្គាល់នោះទេ ខណៈការព្យាបាលដោយការចាក់ថ្នាំ និងផ្ដល់ថ្នាំត្រូវបានបន្តធ្វើឡើងនៅគ្លីនិកដដែល។

លុះដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៣៖០០នាទីរសៀល នៅពេលកុមារីមានអាការៈធ្ងន់ធ្ងរ និងពិបាកដកដង្ហើម ខាងគ្លីនិកបានប្រាប់ឱ្យក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទទួលការព្យាបាលបន្ត។ ប៉ុន្តែបន្ទាប់ពីទៅដល់មន្ទីរពេទ្យ ស្ថានភាពសុខភាពកុមារីមានសភាពធ្ងន់ធ្ងរ ហើយទោះបីក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះយ៉ាងណាក៏ដោយ កុមារីបានទទួលមរណភាពនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៣៖០០នាទីរសៀល។

ក្នុងពាក្យបណ្ដឹង ឪពុកម្ដាយកុមារីបានលើកឡើងពីការសង្ស័យថា ការព្យាបាលកន្លងមកអាចមានភាពមិនប្រុងប្រយ័ត្ន ឬធ្វេសប្រហែស ដែលពួកគាត់យល់ថា អាចជាកត្តាពាក់ព័ន្ធនឹងការបាត់បង់ជីវិតកូនស្រីរបស់ខ្លួន។ ជាមួយគ្នានេះ ពួកគាត់បានស្នើសុំឱ្យអភិបាលខណ្ឌពោធិ៍សែនជ័យ ជួយអន្តរាគមន៍ និងចាត់វិធានការតាមនីតិវិធីច្បាប់ ដើម្បីស្វែងរកការពិត និងផ្ដល់យុត្តិធម៌ដល់គ្រួសាររបស់ពួកគាត់។

គួរបញ្ជាក់ថា ករណីនេះជាការលើកឡើង និងការចោទប្រកាន់នៅក្នុងពាក្យបណ្ដឹងរបស់ឪពុកម្ដាយកុមារី ខណៈមូលហេតុពិតប្រាកដនៃការស្លាប់ និងថាតើមានកំហុសបច្ចេកទេស ឬការធ្វេសប្រហែសក្នុងការព្យាបាលដែរឬយ៉ាងណា គឺត្រូវរង់ចាំការស្រាវជ្រាវ និងការបញ្ជាក់ពីស្ថាប័នជំនាញពាក់ព័ន្ធ៕