អតីតចាងហ្វាងគេហទំព័រព័ត៌មានម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីអះអាងខ្លួនជាអ្នកសារព័ត៌មាន និងបង្កជម្លោះជាមួយប្រជាពលរដ្ឋនៅខណ្ឌដូនពេញ
(ភ្នំពេញ)៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ សួន ចំរើន អាយុ៤៥ឆ្នាំ ដែលត្រូវបានរាយការណ៍ថា ជាអតីតចាងហ្វាងគេហទំព័រព័ត៌មានមួយ ពាក់ព័ន្ធនឹងករណីអះអាងខ្លួនជាអ្នកសារព័ត៌មាន និងបង្កជម្លោះពាក្យសម្ដីជាមួយប្រជាពលរដ្ឋដែលកំពុងប្រកបរបរលក់ដូរចិញ្ចឹមជីវិត នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សួន ចំរើន ត្រូវបានពាក់ព័ន្ធនឹងសកម្មភាពថតផ្សាយផ្ទាល់ (Live) កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ៩និង៣០នាទីយប់ នៅចំណុចភូមិ៩ ផ្លូវលេខ៦៣ កែងផ្លូវលេខ១៧៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលតាមការរាយការណ៍ បានបង្កជម្លោះពាក្យសម្ដីជាមួយប្រជាពលរដ្ឋលក់ដូរនៅទីនោះ និងបង្កឱ្យមានការរិះគន់នៅលើបណ្ដាញសង្គម។
ប្រភពដដែលបានបញ្ជាក់ថា ការឃាត់ខ្លួននេះធ្វើឡើងក្រោយពីមានការចុះផ្សាយផ្ទាល់ដោយបុគ្គលខាងលើ និងបក្ខពួកមួយចំនួន ដែលអះអាងថាខ្លួនជាអ្នកសារព័ត៌មាន ប៉ុន្តែតាមការរាយការណ៍របស់សមត្ថកិច្ច សកម្មភាព និងកាយវិការមួយចំនួនបានបង្កការមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ។
ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ធ្លាប់បានបញ្ជាក់តាមរយៈផេកផ្លូវការរបស់លោកថា ឈ្មោះ សួន ចំរើន អតីតជាចាងហ្វាងគេហទំព័រ www.chrtvonline.com ត្រូវបានក្រសួងព័ត៌មានសម្រេចលុបអាជ្ញាបណ្ណ តាមប្រកាសលេខ២៩៧ ប្រក.ពម. ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ដោយសារការបំពានច្បាប់ស្ដីពីរបបសារព័ត៌មាន និងការអនុវត្តផ្ទុយពីកិច្ចសន្យាអាជីវកម្មដែលបានតម្កល់នៅក្រសួងព័ត៌មាន។
រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានលើកឡើងពីសារៈសំខាន់នៃការទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះបុគ្គល ឬក្រុមណាដែលយកវិជ្ជាជីវៈសារព័ត៌មានធ្វើជាមធ្យោបាយបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្ត។ បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងស្ថិតក្រោមការសាកសួររបស់កម្លាំងជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
កុំសាងទុក្ខឱ្យអ្នកដទៃ កុំលោភលន់រហូតបាត់បង់គុណធម៌ និងកុំយកសិទ្ធិ ឬវិជ្ជាជីវៈរបស់ខ្លួនទៅរំលោភបំពានលើអ្នកដទៃ មនុស្សគ្រប់រូបមានសិទ្ធិប្រកបរបរចិញ្ចឹមជីវិត មានសេចក្ដីថ្លៃថ្នូរ និងមានសិទ្ធិទទួលបានការគោរព ការប្រើសិទ្ធិរបស់ខ្លួនមិនត្រូវបង្កការឈឺចាប់ ឬប៉ះពាល់ដល់សិទ្ធិអ្នកដទៃឡើយ ចូរចងចាំថា អំពើល្អនាំមកនូវផលល្អ អំពើអាក្រក់តែងមានផលវិបាក គុណធម៌ សីលធម៌ និងការគោរពច្បាប់ គឺជាគ្រឹះនៃសង្គមដែលមានសុខដុមរមនា៕

