ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពចុងក្រោយនៃការងាររៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពចុងក្រោយនៃការងាររៀបចំអនុគ្រោះទោសឌីជីថល របស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ មុនឈានដល់ការដាក់ដំណើរការសាកល្បងប្រើប្រាស់នៅមុនដំណាច់ឆ្នាំ២០២៦នេះ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។

ការរៀបចំប្រព័ន្ធអនុគ្រោះទោសឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស ធ្វើឡើងក្នុងគោលបំណងផ្តល់ភាពងាយស្រួលសម្រាប់គណៈកម្មការគ្រប់ថ្នាក់ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងការសម្រេច បញ្ជូន រក្សាទុកទិន្នន័យ និងប្រើប្រាស់ទិន្នន័យក្នុងប្រព័ន្ធរួមទាំងនេះប្រកបដោយតម្លាភាព និងប្រសិទ្ធិភាព។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ផេង សុខលាភ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីអនុវត្តការងារជំរុញឌីជីថលូបនីយកម្ម, ឯកឧត្តម ជាម សត្យា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌក្រសួងយុត្តិធម៌, លោក លោកស្រី ជាប្រធាននាយកដ្ឋានចំណុះនៃអគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌ និងសមាជិកក្រុមការងារបច្ចេកទេសដើម្បីអនុវត្តការងារជំរុញឌីជីថលូបនីយកម្ម ផងដែរ។