ទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន បញ្ជាក់ថា កា វ៉ាន់សុខ មិនមានឈ្មោះក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យយោធិន ក្រោយមានការចោទប្រកាន់ប្រើឯកសណ្ឋានយោធាឆបោកប្រាក់អ្នកដទៃធ្វើឲ្យប៉ះពាល់ដល់អង្គភាពយោធាយ៉ាងធ្ងន់ធ្ងរ

(ភ្នំពេញ)៖ ទីចាត់ការបុគ្គលិក នៃអគ្គបញ្ជាការដ្ឋាន បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការ ដើម្បីបំភ្លឺជូនសាធារណជន ពាក់ព័ន្ធនឹងករណីបុគ្គលឈ្មោះ កា វ៉ាន់សុខ ដែលត្រូវបានលើកឡើងថា បានប្រើប្រាស់ឯកសណ្ឋាន និងសញ្ញាសម្គាល់យោធា ដើម្បីធ្វើសកម្មភាពឆបោកប្រាក់ពីប្រជាពលរដ្ឋ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន បានបញ្ជាក់យ៉ាងច្បាស់ថា បុគ្គលឈ្មោះ កា វ៉ាន់សុខ មិនមានឈ្មោះនៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យយោធិន នៃទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាននោះឡើយ។

ការបំភ្លឺនេះធ្វើឡើង បន្ទាប់ពីមានការផ្សព្វផ្សាយ និងចែករំលែករូបភាពរបស់បុគ្គលខាងលើ តាមបណ្តាញសង្គម ដោយបង្ហាញពីការស្លៀកពាក់ឯកសណ្ឋានយោធា និងមានសញ្ញាសម្គាល់ឋានន្តរស័ក្តិ ដែលបង្កឱ្យមានចម្ងល់ពីសាធារណជនអំពីស្ថានភាពពិតប្រាកដរបស់បុគ្គលរូបនេះ។

ក្នុងសេចក្តីប្រកាសដដែល ទីចាត់ការបុគ្គលិកក៏បានស្នើដល់សាធារណជនឱ្យជ្រាបជាព័ត៌មាន និងស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការស្រាវជ្រាវ និងអនុវត្តតាមនីតិវិធីច្បាប់ ប្រសិនបើរកឃើញមានសកម្មភាពខុសច្បាប់។

សូមរំលឹកថា៖ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រភពព័ត៌មានផ្លូវការមួយក៏បានបញ្ជាក់ដែរថា បុគ្គលឈ្មោះ កា វ៉ាន់សុខ មិនមានឈ្មោះក្នុងក្របខ័ណ្ឌយោធានោះទេ។ ការបញ្ជាក់នេះកើតឡើងក្រោយមានការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការប្រើប្រាស់ឯកសណ្ឋាន និងសញ្ញាសម្គាល់យោធារបស់បុគ្គលរូបនេះ។

ជាមួយគ្នានេះ កន្លងមកក៏មានការលើកឡើងពីការទទួលប្រាក់ដោយសន្យាជួយរត់ការចូលបម្រើក្នុងក្របខ័ណ្ឌកងទ័ព ព្រមទាំងសារជាអក្សរ និងសំឡេងដែលត្រូវបានអះអាងថាមានខ្លឹមសារគំរាមកំហែងដល់អ្នកដទៃ រួមទាំងអ្នកសារព័ត៌មានមួយចំនួនផងដែរ។ ទោះជាយ៉ាងណា ការអះអាងទាំងនេះនៅត្រូវការការស្រាវជ្រាវ និងផ្ទៀងផ្ទាត់ពីសមត្ថកិច្ច ដើម្បីបញ្ជាក់ការពិតតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបុរសឈ្មោះ កា វ៉ាន់សុខ ពាក់ព័ន្ធនឹងករណីលួចទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ AMK ដែលត្រូវបានរាយការណ៍ថាបានកើតឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។ នៅពេលនោះ សមត្ថកិច្ចបានឱ្យដឹងថា កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ យ៉ាងណាក៏ដោយ ព័ត៌មានដែលមាននៅក្នុងដៃមិនទាន់អាចបញ្ជាក់ពីលទ្ធផលចុងក្រោយនៃសំណុំរឿងនេះបាននៅឡើយទេ។

ដោយឡែក មានជនរងគ្រោះម្នាក់បានបង្ហាញឯកសារសរសេរដោយដៃដែលមានចំណងជើងថា «កិច្ចសន្យាទទួលប្រាក់» ដោយអះអាងថា បានប្រគល់ប្រាក់ចំនួន១លានរៀលឱ្យបុគ្គលឈ្មោះ កា វ៉ាន់សុខ ជាថ្នូរនឹងការសន្យាជួយរត់ការចូលបម្រើក្នុងក្របខ័ណ្ឌកងទ័ព ប៉ុន្តែមិនទទួលបានលទ្ធផលដូចការសន្យានោះទេ។ ជនរងគ្រោះរូបនេះបានអះអាងថា ខ្លួនបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ដើម្បីស្នើសុំការស្រាវជ្រាវ និងដោះស្រាយតាមផ្លូវច្បាប់។

ស្របពេលនេះ ការប្រើប្រាស់ឯកសណ្ឋាន និងសញ្ញាសម្គាល់របស់កងយោធពលខេមរភូមិន្ទ គឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ ព្រោះឯកសណ្ឋានយោធាមិនត្រឹមតែជាសម្គាល់អត្តសញ្ញាណនៃកងកម្លាំងប្រដាប់អាវុធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតំណាងឱ្យកិត្តិយស សេចក្តីថ្លៃថ្នូរ និងការទទួលខុសត្រូវចំពោះជាតិមាតុភូមិផងដែរ។

ជាពិសេស ក្នុងកាលៈទេសៈដែលយុវជនកម្ពុជាជាច្រើនបានស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ច និងបម្រើក្នុងជួរកងទ័ព ដោយបង្ហាញពីស្មារតីស្នេហាជាតិ និងការទទួលខុសត្រូវ ការប្រើប្រាស់ឯកសណ្ឋានយោធាដោយមិនត្រឹមត្រូវ ឬយកទៅប្រើប្រាស់ក្នុងគោលបំណងបោកបញ្ឆោតអ្នកដទៃ ប្រសិនបើត្រូវបានរកឃើញថាជាការពិត នោះអាចប៉ះពាល់ដល់កិត្តិយស និងភាពជឿជាក់របស់ស្ថាប័នយោធាទាំងមូល។

ហេតុនេះ ការបំភ្លឺជាផ្លូវការរបស់ទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន គឺជាចំណុចសំខាន់មួយក្នុងការបញ្ជាក់ពីអត្តសញ្ញាណបុគ្គលខាងលើ ខណៈសាធារណជនក៏រំពឹងថា ស្ថាប័នមានសមត្ថកិច្ចនឹងបន្តស្រាវជ្រាវលើការអះអាងពាក់ព័ន្ធ ដើម្បីបញ្ជាក់ការពិត និងចាត់វិធានការតាមច្បាប់ ប្រសិនបើរកឃើញបទល្មើស។

ការអនុវត្តច្បាប់ដោយតម្លាភាព និងមិនលើកលែងចំពោះបុគ្គលណាម្នាក់ នឹងជួយការពារប្រជាពលរដ្ឋពីការបោកបញ្ឆោត ព្រមទាំងថែរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទផងដែរ៕