នៅរសៀលថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦

ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង នៅសាលប្រជុំអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង។

លោកឧត្តមសេនីយ៍ទោស្នងការ បានបង្ហាញពីគោលបំណងអំពី
ការចុះត្រួតពិនិត្យតាមប៉ុស្តិ៍នេះ គឺដើម្បីស្វែងយល់អំពីជីវភាពជាក់ស្តែងនៃរបៀបរបបការងាររបស់ប៉ុស្តិ៍នីមួយៗ ហើយដើម្បីជួយបំពេញបន្ថែមនូវចំណុចខ្វះខាត និងកែលំអឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ពីព្រោះប៉ុស្តិ៍នគរបាលរដ្ឋបាលគឺជាអ្នកដែលនៅកៀកប្រជាពលរដ្ឋជាងគេ។

ជាមួយគ្នាដែរ លោកឧត្តមសេនីយ៍ទោស្នងការបានណែនាំដល់លោកអធិការនគរបាលស្រុកកណ្តាលស្ទឹង លោកអធិការរង នាយ-នាយរងផ្នែក លោកនាយប៉ុស្តិ៍នគរបាលចំណុះទាំង១៨ និងមន្ត្រីក្រោមឱវាទទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុង។ ម្យ៉ាងវិញទៀត ចំពោះការអនុវត្តដីកា សូមឱ្យកម្លាំងជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលយកចិត្តទុកដាក់អនុវត្តការងារនេះឱ្យបានច្បាស់លាស់ ហើយរង្វាន់លើកទឹកចិត្តនៅតែរក្សាដដែលចំពោះការចាប់ខ្លួនជនត្រូវចោទ១នាក់ ឧបត្ថម្ភថវិកា៤០០,០០០រៀល។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំដល់គ្រប់ប៉ុស្តិ៍ទាំងអស់ត្រូវតែយកចិត្តទុកដាក់លើការងារដូចខាងក្រោម៖
– ត្រូវរៀបចំកន្លែងស្នាក់នៅនៅតាមបុស្តិ៍នីមួយៗឱ្យបានសមរម្យ និងត្រូវដាច់ដោយឡែកពីអគារបំពេញការងារ រួមទាំងដាក់កាំមេរ៉ាសុវត្ថិភាពក្នុងទីតាំងប៉ុស្តិ៍ឱ្យបានគ្រប់ៗប៉ុស្តិ៍
-ត្រូវទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋទោះបីជាកើតហេតុនៅក្រៅដែនសមត្ថកិច្ចរបស់ខ្លួនក៏ដោយ
-ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយសីលធម៌ ឥរិយាបថ សុភាពរាបសារ តែការងារមុឺងម៉ាត់ជាមួយប្រជាពលរដ្ឋ
-ត្រូវតែបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែល្អប្រសើរថែមទៀត រួមទាំងការងារល្បាតពួនស្ទាក់ រៀបចំផែនការប្រទាក់ក្រឡារវាងប៉ុស្តិ៍និងប៉ុស្តិ៍ជាប់ព្រំប្រទល់ ដើម្បីបង្ការទប់ស្កាត់បទល្មើស
-ត្រូវគ្រប់គ្រងមុខសញ្ញាទាំងចាស់ និងថ្មី ឱ្យបានច្បាស់លាស់ (មុខសញ្ញាបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន រួមទាំងក្មេងទំនើង)
-ត្រូវតែមានកិច្ចសហការនិងទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោស្នងការបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគរួមមានអង្ករ១តោន ទឹកសុទ្ធ២០កេស មី២០កេស ត្រីខ១កេសធំ រួមទាំងថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងផងដែរ។