អភិបាលស្រុកបាទី ចុះឆ្មក់បង្ក្រាបទីតាំងល្បែងជល់មាន់អនឡាញខុសច្បាប់ ស្ថិតក្នុងឃុំកុមាររាជា

(ស្រុកបាទី)នៅរសៀលថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះឆ្មក់បង្ក្រាបដោយផ្ទាល់នូវទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ (Online) ប្រភេទជល់មាន់ មួយកន្លែង ដែលស្ថិតនៅភូមិស្តុក ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ។

ប្រតិបត្តិការនេះស្តែងឱ្យឃើញពីស្មារតីទទួលខុសត្រូវខ្ពស់ និងភាពម៉ឺងម៉ាត់របស់រដ្ឋបាលស្រុកបាទី ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ នោះទេ ដោយកន្លងមក លោកអភិបាលស្រុក តែងតែដឹកនាំកម្លាំងជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ជាបន្តបន្ទាប់នៅតាមបណ្តាភូមិ-ឃុំនានា ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់អំពើអបាយមុខ និងធានានូវបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។