មុនដំណើរការផ្សះផ្សាដោយបង្ខំស្ដីពីនីតិសមុទ្ររវាងកម្ពុជានិងថៃចាប់ផ្ដើមដំណើរការផ្លូវការនោះ ប្រមុខការទូតកម្ពុជាសង្ឃឹមថា ដំណើរការនេះនឹងផ្ដល់នូវដំណោះស្រាយមួយដែលអាចទទួលយកបានទៅវិញទៅមក ដោយផ្អែកលើច្បាប់អន្តរជាតិ ។

មុនដំណើរការផ្សះផ្សាដោយបង្ខំស្ដីពីនីតិសមុទ្រ នឹងចាប់ផ្ដើមដំណើរការកិច្ចប្រជុំលើកដំបូងនៅសិង្ហបុរីនាដើមសប្ដាហ៍ក្រោយនោះ ប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ឥឡូវនេះ អាស្រ័យដោយទាំងកម្ពុជា និងថៃកំពុងចូលរួមក្នុងដំណើរការផ្សះផ្សាដោយបង្ខំ យើងសង្ឃឹមថាដំណើរការនេះប្រព្រឹត្តទៅប្រកបដោយសុច្ឆន្ទៈ និងដោយស្មោះត្រង់ ព្រមទាំងរួមចំណែកដល់ដំណោះស្រាយមួយដែលអាចទទួលយកបានទៅវិញទៅមក ដោយផ្អែកលើច្បាប់អន្តរជាតិ។
ប្រមុខការទូតកម្ពុជា បន្ថែមថា ភាពជោគជ័យនៃការផ្សះផ្សាដោយបង្ខំរវាងប្រទេសទីម័រឡេស្តេ និងប្រទេសអូស្ត្រាលីបានបង្ហាញថា សូម្បីតែភាពមិនស្របគ្នានៃដែនសមុទ្រដ៏ស្មុគស្មាញ និងយូរអង្វែងមកហើយនោះ ក៏អាចត្រូវបានដោះស្រាយប្រកបដោយស្ថាបនានៅពេលដែលរដ្ឋនានាមានសេចក្តីទុកចិត្ត និងភាពជឿជាក់ទៅលើច្បាប់អន្តរជាតិ ព្រមទាំងចូលរួមដោយពិតប្រាកដនៅក្នុងដំណើរការនេះ។
សូមបញ្ជាក់ថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា លើកឡើងបែបនេះកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រារព្ធធ្វើរាជធានីភ្នំពេញ៕