ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ បើគ្មានឯកឧត្តម សៅ សុខា វិស័យបាល់ទាត់កម្ពុជាមិនអាចឈានដល់ការរីកចម្រើនក្នុងល្បឿនមួយដូចបច្ចុប្បន្នបានឡើយ

បន្ទាប់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសថា នឹងលាលែងពីតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងនៅលើបណ្ដាញសង្គមផ្លូវការ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ថា ការឈ្នះ ឬចាញ់ គឺជារឿងធម្មតានៅក្នុងកីឡាទូទៅ ក៏ដូចជាកីឡាបាល់ទាត់ ដូចដែលយើងតែងឃើញទោះនៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក (World Cup 2026) ចុងក្រោយនេះ។
ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមបាល់ទាត់ U20 កម្ពុជា គ្រូបង្វឹក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងបំពេញតួនាទីរបស់ខ្លួនដោយការទទួលខុសត្រូវ និងស្មារតីកីឡាខ្ពស់។
ប្រាកដណាស់ អ្នកដែលចង់ឈ្នះបំផុត គឺកីឡាករ គឺគ្រូបង្វឹក និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
គ្មានក្រុមណាមួយចង់ចាញ់ឡើយ ហើយក៏គ្មាននរណាអាចទាយលទ្ធផលទុកជាមុនបានដែរ ព្រោះយើងនិយាយអោយខ្លីគឺ « បាល់មូល » ដូច្នេះ លទ្ធផលនៃការប្រកួត មួយ ពីរ ឬលើសពីនេះ មិនមែនជាហេតុផលដើម្បី ស្តីបន្ទោស ចង្អុលឬដាក់កំហុសលើអ្នកណានោះទេ។
ខ្ញុំបានតាមដានប្រធានបទនេះ និងការវែកញែកមួយចំនួនយ៉ាងយកចិត្តទុកដាក់។ ទោះយ៉ាងណាក្តី ខ្ញុំចង់ទាញអារម្មណ៍យើងទាំងអស់គ្នា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម សៅ សុខា និងការរីកចម្រើននៃវិស័យនេះ ដែលមិនអាចប្រកែកបាន បន្ទាប់ពីគាត់បានក្លាយជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
សម្រាប់ខ្ញុំ ការរីកចម្រើនរបស់វិស័យបាល់ទាត់កម្ពុជា គឺជាលទ្ធផលនៃការដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តម សៅ សុខា។ ប្រសិនបើគ្មានការដឹកនាំរបស់តួអង្គពូទេ និងកិច្ចខិតខំប្រឹងប្រែងរបស់គាត់ ច្បាស់ណាស់ វិស័យបាល់ទាត់កម្ពុជាមិនអាចឈានដល់ការរីកចម្រើនក្នុងល្បឿនមួយដូចបច្ចុប្បន្នបានឡើយ។
ខ្ញុំបានឃើញទៅលើកិច្ចពិភាក្សាហើយមានការលើកបេក្ខជនដែលនឹងដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប៉ុន្តែសម្រាប់ខ្ញុំជឿជាក់ មានទំនុកចិត្ត និងគាំទ្រដល់ការដឹកនាំរបស់ ឯកឧត្តម សៅ សុខា៕