ឯកឧត្តម​ ង៉ូវ​ បូរីណា​ ដាំកូនឈើចម្រុះ ២,៥០០ដើម ក្នុងបរិវេណវត្តអង្គក្រឡាញ់​ ខេត្ត​កំពង់​ស្ពឺ​

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាព​ ក្នុងពិធី​ដាំកូនឈើចម្រុះចំនួន ២.៥០០ដើម ក្រោមប្រធានបទយុទ្ធនាការ «ពន្លកបៃតង» ដែល​សហការ​រៀបចំរវាង​ អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ និង​វត្ដអង្គក្រឡាញ់​ ស្ថិត​ក្នុងបរិវេណវត្តអង្គក្រឡាញ់ ភូមិសាលាគ្រួស ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​ ដែលមាន​ការ​អញ្ជើញចូលរួមពីសំណាក់​ មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់​ស្ពឺ​ គណ:អភិបាល​ស្រុក​គងពិសី​ ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរដែនដី​ ថ្នាក់ដឹកនាំ​និងសមាជិក​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ ប្រជាពលរដ្ឋ​ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ​ចំនួន​ ៦៨៣​ អង្គ​/នាក់។

ថ្លែង​ក្នុងឱកាសពិធី​ដាំ​កូន​ឈើ​ ឯកឧត្តម ង៉ូវ បូរីណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី និង​បន្ដបានលើកឡើងថា ការដាំកូនឈើនាពេលនេះ មិនត្រឹមតែជួយបង្កើនគម្របបៃតង និងបង្កើតបាន​ជាម្លប់ដ៏ត្រឈឹងត្រឈៃនៅក្នុងទីអារាម ហើយ​ថែមទាំងជាការបណ្តុះស្មារតីស្រឡាញ់ និងរួមគ្នាថែរក្សាការពារបរិស្ថានធម្មជាតិ។ សកម្មភាពនេះ គឺដើរស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងទិសដៅពង្រីកគម្របព្រៃឈើប្រកបដោយចីរភាព ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសកល។

មុន​នឹង​បញ្ចប់​កម្មវិធី​ គណ:អធិបី​ ថ្នាក់ដឹកនាំ អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា​ និងអ្នកចូលរួមទាំងអស់ បានបន្ដដាំកូនឈេី​ចម្រុះ​ចំនួន​ ២៥០០ដេីម​ លេីផ្ទៃដី​ទំហំ​ប្រមាណ​ជា​ ៣ហិកតា​ ប្រកបដោយ​ស្នាមញញឹម​គ្រប់​ៗគ្នា​។