ប្រធានរដ្ឋសភាកម្ពុជា ៖ ការវិនិយោគរបស់ក្រុមហ៊ុន វៀតតែល (Viettel)នៅកម្ពុជា មិនត្រឹមតែផ្តល់ការងារជូនពលរដ្ឋប៉ុណ្ណោះទេ តែបានរួមចំណែកដល់ការអភិវឌ្ឍបច្ចេកវិទ្យានៅកម្ពុជា

ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម ឧត្តមសេនីយ៍ត្រី Major General Do Minh Phong អគ្គនាយករងក្រុមហ៊ុន Viettel នៅទីក្រុងហាណូយ ប្រទេសវៀតណាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុន វៀតតែល (Viettel)នៅកម្ពុជា មិនត្រឹមតែផ្តល់ការងារជូនពលរដ្ឋប៉ុណ្ណោះទេ តែបានរួមចំណែកដល់ការអភិវឌ្ឍបច្ចេកវិទ្យានៅកម្ពុជា។
សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរីកចម្រើនរបស់ក្រុមហ៊ុន ដែលមិនត្រឹមតែផ្តល់សេវាបច្ចេកវិទ្យា និងទូរគមនាគមន៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែបានវិនិយោគទៅកាន់ប្រទេសជាច្រើននៅក្នុងសកលលោក រួមទាំងកម្ពុជាផង។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី Major General Do Minh Phong អគ្គនាយករងក្រុមហ៊ុន Viettel បានឱ្យដឹងថា ការវិនិយោគរបស់ក្រុមហ៊ុន Metfone នៅកម្ពុជាចាប់តាំងពីឆ្នាំ២០០៩មក បានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណ ៤ ម៉ឺននាក់។ ក្រៅពីការវិនិយោគដោយគោរពតាមច្បាប់របស់កម្ពុជា ក្រុមហ៊ុន ក៏បានចូលរួមការងារសង្គមជាច្រើនទៀត។ បន្ថែមពីនេះ ក្រុមហ៊ុនក៏មានគម្រោងពង្រីកការវិនិយោគនានានៅកម្ពុជា និងស្នើសុំរដ្ឋសភាកម្ពុជាជួយគាំទ្រ។
សម្តេចប្រធានរដ្ឋសភា បានគាំទ្រដល់ការវិនិយោគរបស់ Viettel នៅកម្ពុជា។ ដោយឡែក ចំពោះសំណូមពរ និងគម្រោងវិនិយោគនានាបន្ថែមទៀតរបស់ក្រុមហ៊ុន រដ្ឋសភាកម្ពុជានឹងធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា ដំណើរអញ្ជើញទៅកាន់ក្រុមហ៊ុន វៀតតែល (Viettel) របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដើម្បីសិក្សាឈ្វេងយល់ពីការអភិវឌ្ឍបច្ចេកវិទ្យារបស់ក្រុមហ៊ុន ក៏ដូចជាដើម្បីទាក់ទាញការវិនិយោគពីក្រុមហ៊ុននានារបស់វៀតណាមមកម្ពុជាបន្ថែមទៀត៕