សមត្ថកិច្ចជលផល ចុះទប់ស្កាត់និងបង្រ្កាបបទល្មើសនាំចូលត្រីប្រាទម្ងន់១៨តោននៅខេត្តព្រះវិហារ
ថ្ងៃចេញផ្សាយៈ 28/07/2026
បណ្ដាញសង្គមផ្លូវការរបស់អគ្គនាយកដ្ឋានជលផល បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ចជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងចម្រុះចុះទប់ស្កាត់និងបង្រ្កាបបទល្មើសនាំចូលត្រីប្រានៅភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ដោយរថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខរតនគិរី 3A-9055 ដែលមានត្រីប្រាទម្ងន់១៨តោន ក្នុងពេលជាមួយគ្នានោះជនសង្ស័យ២នាក់បានរត់គេចខ្លួនចូលព្រៃ។
អគ្គនាយកដ្ឋានជលផល បញ្ជាក់ថា បច្ចុប្បន្នព្រះរាជអាជ្ញាបានឱ្យមន្រ្តីជំនាញកសាងសំណុំរឿងបទល្មើសតាមនីតិវិធីនិងស្រាវជ្រាវរកជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕
