ប្រមុខការទូតកម្ពុជាបញ្ជាក់ជូនប្រមុខការទូតអាម៉េរិកអំពីការប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធដើម្បីជំរុញភាពជាដៃគូកម្ពុជា-ម៉េរិកឱ្យកាន់តែរីកចម្រើន
ថ្ងៃចេញផ្សាយៈ 24/07/2026
ក្នុងជំនួបពិភាក្សាការងារទ្វេភាគីកាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស កម្ពុជា បានបញ្ជាក់ជូនឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក អំពីការប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធដើម្បីជំរុញភាពជាដៃគូកម្ពុជា-ម៉េរិកឱ្យកាន់តែរីកចម្រើន ។
ជាមួយគ្នានេះ កម្ពុជាក៏ស្វាគមន៍ចំពោះវឌ្ឍនភាពជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-អាម៉េរិក និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អាម៉េរិក ខណៈកម្ពុជាធ្វើជាប្រទេសសម្របសម្រួលសម្រាប់ឆ្នាំ ២០២៤-២០២៧។
បន្ថែមពីនេះ ប្រមុខការទូតកម្ពុជា ក៏បានថ្លែងអំណរគុណជាថ្មីជូនចំពោះឯកឧត្តមប្រធានាធិបតី Donald J. Trump តាមរយៈរដ្ឋមន្ត្រីការបរទេសអាម៉េរិក ចំពោះការគាំទ្រដ៏មានតម្លៃរបស់សហរដ្ឋអាម៉េរិក ក្នុងការសម្របសម្រួលបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ក៏ដូចជាការបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ ៕
