សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យព្រះរាជានុញ្ញាតជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីថ្វាយរបាយការណ៍សកម្មភាពកាកបាទក្រហមកម្ពុជា
បណ្ដាញសង្គមផ្លូវការកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា សព្វព្រះរាជហឫទ័យព្រះរាជានុញ្ញាតជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះសព្ទសាធុការពរ និងទូលថ្វាយរបាយការណ៍សមិទ្ធផលការងារឆ្នាំ២០២៥ និង៦ខែ ឆ្នាំ២០២៦ របស់កាកបាទក្រហមកម្ពុជា ដែលព្រះរាជសវនាការនេះប្រព្រឹត្តទៅនៅព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង។
កាកបាទក្រហមកម្ពុជា បន្តថា ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចូលក្រាបថ្វាយបង្គំ និងថ្វាយកម្រងផ្កា ព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងព្រះបរមរាជវាំង ដើម្បីថ្វាយព្រះរាជមហាកុសលចំពោះ ព្រះករុណា ព្រះបរមរតនកោដ្ឋ ៕
