ព័ត៌មានពិធីការ
ថ្ងៃចេញផ្សាយៈ 11/07/2026
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានប្រកាសបន្តអនុវត្តយុទ្ធនាការ «ពន្លកបៃតង លម្អបៃតង កម្ពុជាស្អាត ខ្មែរធ្វើបាន» ដោយអំពាវនាវដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និស្សិត មន្ត្រីរាជការ អង្គការសង្គមស៊ីវិល និងសាធារណជនទូទៅ អញ្ជើញមកទទួលយកកូនឈើគ្រប់ប្រភេទដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ តទៅ។
យុទ្ធនាការនេះមានគោលបំណងជំរុញឱ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើ បង្កើនគម្របព្រៃឈើ លើកកម្ពស់សោភ័ណភាពបរិស្ថាន កាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងរួមចំណែកកសាងកម្ពុជាឱ្យកាន់តែបៃតង ស្អាត និងប្រកបដោយចីរភាព។
ក្រសួងបរិស្ថានសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមទទួលយកកូនឈើទៅដាំនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម សហគមន៍ និងទីសាធារណៈនានា ដើម្បីរួមគ្នាបង្កើនធនធានបៃតង និងថែរក្សាបរិស្ថានសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។
ការចែកជូនកូនឈើដោយឥតគិតថ្លៃនេះ គឺជាផ្នែកមួយនៃយុទ្ធនាការរបស់ក្រសួងបរិស្ថាន ក្នុងការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស។
