អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះទៅពិនិត្យទីតាំងដែលថៃសង់របងព្រំដែនដោយឯកតោភាគីកៀកបង្គោលព្រំដែន ៥២-៥៤ និងពលរដ្ឋថៃបានធ្វើស្រែចំការហួសចូលក្នុងដីកម្ពុជានៅចន្លោះបង្គោលព្រំដែន៥២-៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅវេលាម៉ោង ១២:១៥នាទីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីបានជូនដំណឹងដល់ភាគីថៃ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយហ្វីលីពីន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្តថា ក្នុងឱកាសនោះអ្នកសង្កេតការណ៍អាស៊ានបានចុះពិនិត្យស្ថានភាពជាក់ស្តែងពាក់ព័ន្ធនឹងការសាងសង់របងព្រំដែនដោយឯកតោភាគីពីសំណាក់យោធាថៃដែលស្ថិតនៅកៀកបង្គោលព្រំដែន ៥២-៥៤ និងបានពិនិត្យឃើញជាក់ស្ដែងនូវការបែកបាក់បង្គោលបណ្ដោះអាសន្នដែលបង្កឡើងដោយសកម្មភាពឯកតោភាគីនេះ។
បន្ទាប់ពីបានទទួលព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងការងារវាស់វែងរួម និងការបោះបង្គោលបណ្តោះអាសន្ន ដែលបានអនុវត្តដោយក្រុមវាស់វែងចម្រុះនៃប្រទេសទាំងពីរ អ្នកសង្កេតការណ៍អាស៊ានប្រចាំនៅកម្ពុជាក៏បានចុះទៅពិនិត្យទីតាំងដែលប្រជាពលរដ្ឋថៃបានធ្វើស្រែចំការហួសចូលក្នុងដីកម្ពុជានៅចន្លោះបង្គោលព្រំដែន៥២-៥៩។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ភាគីកម្ពុជាបានតវ៉ាតាមរយៈកំណត់ទូតទៅភាគីថៃ ដោយសារការងារនេះប៉ះពាល់ទៅដល់នីតិវិធីទ្វេភាគីដែលមានស្រាប់ស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក JBC ភាគីទាំងពីរ។ ក្នុងន័យនេះ ភាគីកម្ពុជាបានជំរុញការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក JBC ឱ្យបានឆាប់បំផុតដើម្បីដោះស្រាយបញ្ហានេះ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្ថែមថា ការចុះសង្កេតការណ៍នេះមានគោលបំណងផ្តល់ជូនអ្នកសង្កេតការណ៍អាស៊ាននូវការយល់ដឹងទូលំទូលាយ និងផ្អែកលើការសង្កេតផ្ទាល់ អំពីស្ថានភាពនៅតំបន់ព្រំដែន ព្រមទាំងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការពិភាក្សា និងយន្តការទ្វេភាគី ស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន និងអាណត្តិរបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC)៕