តំណាងរាជរដ្ឋាភិបាលថ្លែងសុន្ទរកថាក្នុងពិធីខួបលើកទី២៥០ នៃទិវាបុណ្យជាតិសហរដ្ឋអាម៉េរិក និងបានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងរវាងកម្ពុជា-សហរដ្ឋអាម៉េរិក ។
ថ្ងៃចេញផ្សាយៈ 02/07/2026
កាលពីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញចូលរួមជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី២៥០ នៃទិវាបុណ្យឯករាជ្យជាតិសហរដ្ឋអាម៉េរិកនៅ Koh Pich City Hall ដែលបានរៀបចំដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាតែងតែផ្តល់នូវសារៈសំខាន់ចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក។ប្រទេសទាំងពីរ មានទំនាក់ទំនងការទូតជាង ៧៥ ឆ្នាំមកហើយ និងបានឆ្លងកាត់ទំព័រប្រវត្តិសាស្ត្រជាច្រើន ដែលធ្វើឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំ កាន់តែធន់ និងកាន់តែមានសក្តានុពល។ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការកសាងភាពជាដៃគូដ៏រឹងមាំ ដោយឈរលើគោលការណ៍នៃផលប្រយោជន៍ទៅវិញទៅមក ការគោរពគ្នា និងការជឿទុកចិត្តគ្នា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនាពេលកន្លងមក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះសហរដ្ឋអាម៉េរិក ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ និងជំនួយបច្ចេកទេសនាពេលកន្លងមក ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យអាទិភាពរបស់កម្ពុជា ដែលរួមទាំងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងវិស័យសំខាន់មួយចំនួនទៀតដូចជា វិស័យសុខាភិបាល អប់រំ កសិកម្ម ការដោះមីន និងបរិស្ថាន ជាដើម។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណជាពិសេសជូនចំពោះសហរដ្ឋអាម៉េរិក ដែលបានជួយសម្របសម្រួលការប្រគល់មកវិញនូវវត្ថុបុរាណរបស់កម្ពុជា និងបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ក្នុងការពង្រឹងកិច្ចការពារអធិបតេយ្យភាពវប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅជូនចំពោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានជួយសម្របសម្រួលបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងសេចក្តីថ្លែងការណ៍រួម នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕
