ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត ក្រោមប្រធានបទ «បរិច្ចាគឈាម ចងចាំវីរភាព» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ។
យុទ្ធនាការមនុស្សធម៌នេះ រៀបចំឡើងដើម្បីសម្តែងនូវកតញ្ញូតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពឥស្សរជន និងកងកម្លាំងស្នេហាជាតិ ជាពិសេសការរំលឹកនឹកដល់ ខួប ៤៩ឆ្នាំ នៃទិវាប្រវត្តិសាស្ត្រដែល សម្តេចតេជោ ហ៊ុន សែន សម្រេចចិត្ត «យកជីវិតធ្វើជាដើមទុន» (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៦) ដើម្បីសង្គ្រោះជាតិ និងស្វែងរកសុខសន្តិភាពជូនប្រជាជនកម្ពុជា។ យុទ្ធនាការនេះក៏មានគោលបំណងបណ្តុះទម្លាប់ និងជំរុញវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្នុងស្រទាប់យុវជន និងសាធារណជនទូទៅឱ្យកាន់តែសកម្មទូទាំងប្រទេស ដើម្បីរួមចំណែកសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាម ៕
