ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ ជាឥស្សរជនគំរូដ៏ឆ្នើមមួយរូបដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា និងស្មារតី ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរអភិវឌ្ឍប្រទេសកម្ពុជា ។

នៅលើបណ្ដាញសង្គមនារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ ជាឥស្សរជនគំរូដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា និងស្មារតី ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរអភិវឌ្ឍប្រទេសកម្ពុជា។
សម្តេចសេដ្ឋវិទូភក្តី គាត ឈន់ បានឆ្លងកាត់សម័យកាលជាច្រើននៃប្រវតិ្តសាស្ត្រប្រទេសកម្ពុជា ចាប់តាំងពីក្នុងការដង្ហែតាមព្រះរាជកិច្ច ព្រះករុណា ព្រះបរមរតនកោដ្ឋ ក្នុងសម័យសង្គមរាស្ត្រនិយម ហើយបន្តឆ្លងកាត់ដំណាក់កាលនៃរដ្ឋប្រហារ សោកនាដកម្ម ដល់ការរំដោះជាតិ ការស្វែងរកសុខសន្តិភាព រហូតឈានដល់ការសម្រេចបាននូវឯកភាពជាតិ បូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាបន្តបន្ទាប់មកដល់សព្វថ្ងៃ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងបែបនេះ បន្ទាប់ពីអញ្ជើញចូលសួរសុខទុក្ខសម្តេចសេដ្ឋវិទូភក្តី គាត ឈន់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតមកដល់ ៕