ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គឺជាសមិទ្ធផលថ្មីដែលចិននិងកម្ពុជាឣនុវត្តរួមគ្នានូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម វ៉ាង វីនប៊ីន បានបង្ហាញនូវការអបអរសាទរចំពោះការដាក់ឱ្យប្រជាពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ។
តាមរយៈបណ្ដាញសង្គមផ្លូវការ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាង វីនប៊ីន បានលើកឡើងថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គឺជាស្ពានវែងបំផុតដែលសាងសង់ឡើងដោយប្រទេសចិននៅកម្ពុជា និងជាសមិទ្ធផលថ្មីដែលចិន និងកម្ពុជាឣនុវត្តរួមគ្នានូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ វានឹងក្លាយជាស្ពានដ៏សំខាន់មួយដែលតភ្ជាប់ផ្លូវជាតិលេខ ៦ និង ៧ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ភាគឦសាន និងភាគកណ្តាល-ខាងលិចនៃប្រទេសកម្ពុជា។
ឯកឧត្តម វ៉ាង វីនប៊ីន បន្តថា ស្ពាន និងផ្លូវថ្នល់ដែលសាងសង់ឡើងដោយប្រទេសចិននៅកម្ពុជានៅតែបន្តពង្រីកឥតឈប់ឈរ។ ការអភិវឌ្ឍរបស់ប្រទេសកម្ពុជានៅតែបន្តឆ្ពោះទៅមុខឥតឈប់ឈរ។ ស៊ូៗ កម្ពុជា!