ក្រុមការងារចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ បង្ក្រាបបទល្មើស Online Scams ដោយឃាត់ខ្លួនជនសង្ស័យចំនួន៥០នាក់ ។

លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ បានបន្តយុទ្ធនាការយ៉ាងសកម្មក្នុងការអនុវត្តអនុក្រឹត្យលេខ០៣ និងការត្រួតពិនិត្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដោយបានចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំចំនួន២៦ទីតាំង និងឈានទៅបង្ក្រាបបានចំនួន ៤ទីតាំងជាក់ស្តែង ។
ទីតាំងទាំង៤កន្លែង ដែលសមត្ថកិច្ចចុះបង្ក្រាបនោះ រួមមាន សណ្ឋាគារ ជីនសា ហូលីដេ វីឡាភូមិគ្រឹះ អគារខុនដូរ ស៊ែង យូរ និងផ្ទះជួលនៅសង្កាត់៤។
ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យសរុបចំនួន ៥០នាក់ ក្នុងនោះមានជនជាតិចិនចំនួន៣៦ ជនជាតិខ្មែរចំនួន ៣ នាក់ (ស្រី្ត ១ នាក់) ជនជាតិឥណ្ឌា ចំនួន៥នាក់ (ក្នុងនោះ ស្រី្ត ២ នាក់) ជនជាតិបង់ក្លាដេស ចំនួន៣នាក់ ជនជាតិប៉ាគីស្ថាន ចំនួន២នាក់ និងស្រ្តីជនជាតិភូមាចំនួន១នាក់ រួមទាំងបានដកហូតវត្ថុតាង មានដូចជាកុំព្យូទ័រលើតុ ទូរសព្ទដៃ និងកុំព្យូទ័រយួរដៃមួយចំនួន។
ក្រៅពីការបង្ក្រាបទីតាំងទាំង៤ខាងលើ ក្រុមការងារបានចុះត្រួតពិនិត្យនៅកាស៊ីណូ ហ្គោលដិន ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ផងដែរ ដោយរកឃើញសម្ភារៈសង្ស័យពាក់ព័ន្ធនឹងការធ្វើ សកម្មភាពឆបោកតាមអនឡាញរួមមាន កុំព្យូទ័រលើតុចំនួន ១៨៦ គ្រឿង និងទូរសព្ទដៃចំនួន ១៥៤ គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត៕