ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត ទ្រិញ វៀត ហ៊ុង រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ថ្ងៃចេញផ្សាយៈ 20/11/2026
កាលពីនារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត ទ្រិញ វៀត ហ៊ុង រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គវៀតណាម និងជាប្រធានក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គសម្រាប់ឆ្នាំ២០២៦ នៅក្រៅកិច្ចប្រជុំលើកទី៣៣ នៃក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ នារដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
សូមជម្រាបថា កិច្ចជំនួបនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម និងបរិស្ថាននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលផ្តោតលើការផ្លាស់ប្តូរបទពិសោធន៍និងបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទិន្នន័យនិងព័ត៌មាន ក៏ដូចជាការអនុវត្តគម្រោងសហប្រតិបត្តិការរួមលើវិស័យធារាសាស្ត្រ និងជលសាស្រ្ត-ឧតុនិយម។
ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានលើកឡើងពីការប្រែប្រួលលំហូរទឹក ដីល្បាប់ គុណភាពទឹក និងការគ្រប់គ្រងប្រតិបត្តិការអាងស្តុកទឹកនៅតាមដងទន្លេមេគង្គ ដែលបង្កផលប៉ះពាល់ឆ្លងដែនដល់ប្រព័ន្ធអេកូឡូស៊ី សន្តិសុខស្បៀង និងជីវភាពប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសវៀតណាម មានផលប្រយោជន៍រួមនៅក្នុងការពង្រឹងការផ្លាស់ប្តូរព័ត៌មាន និងទិន្នន័យប្រព័ន្ធធារាសាស្ត្រ និងជលសាស្រ្ត-ឧតុនិយមឱ្យបានទាន់ពេលវេលា ការសិក្សាស្រាវជ្រាវរួមគ្នា និងការសម្របសម្រួលការគ្រប់គ្រងធនធានទឹក ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានា ជាពិសេសគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ៕
