គ្រាន់តែលិខិតស្នើសុំមានការចារឯកភាពពីអភិបាលខណ្ឌ តើអាចសាងសង់របងរឹងមាំបាន ឬយ៉ាងណា?
រាជធានីភ្នំពេញ៖ បន្ទាប់ពីអង្គភាពសារព័ត៌មានយើងខ្ញុំបានចុះផ្សាយពាក់ព័ន្ធនឹងករណីការសាងសង់របងរំលោភចូលដីចំណីព្រែក និងគ្មានលិខិតអនុញ្ញាតឱ្យសាងសង់តាមបែបបទរដ្ឋបាលត្រឹមត្រូវពីសំណាក់រដ្ឋបាលខណ្ឌមានជ័យ ស្រាប់តែនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រឹកមិញនេះ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានទាក់ទងមកកាន់អង្គភាពសារព័ត៌មានតាមរយៈប្រព័ន្ធតេឡេក្រាម ដើម្បីសាកសួរនិងបំភ្លឺជុំវិញករណីខាងលើនេះ។
ជាការឆ្លើយតបចំពោះការលើកឡើងរបស់លោកអភិបាលខណ្ឌ អង្គភាពសារព័ត៌មានបានបញ្ជាក់ជំហរ និងចម្ងល់ជូនវិញថា៖ មិនមានចម្ងល់អ្វីច្រើននោះទេ គឺគ្រាន់តែឆ្ងល់ថា ការស្នើសុំរបស់ម្ចាស់ដីដើម្បីសាងសង់របង គឺពិតជាមានការស្នើសុំមែន ប៉ុន្តែហេតុអ្វីបានជារដ្ឋបាលខណ្ឌមានជ័យមិនទាន់បានចេញលិខិតអនុញ្ញាតឱ្យសាងសង់ជាផ្លូវការ ស្រាប់តែម្ចាស់ដីហ៊ានចាប់ផ្ដើមសាងសង់របងរឹងមាំស្ទើរតែរួចរាល់ទាំងស្រុងទៅហើយបែបនេះ?
ជុំវិញសំណួរនេះ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានបំភ្លឺប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំវិញថា៖ នៅក្នុងលិខិតស្នើសុំរបស់ម្ចាស់ដីនោះ លោកបានបញ្ជាក់ថា “បានឃើញ និងឯកភាព” ត្រង់ចំណុចនេះហើយដែលជាការបញ្ជាក់ថា គឺបានអនុញ្ញាតហើយ មិនបាច់ចេញលិខិតបញ្ជាក់អនុញ្ញាតឱ្យសាងសង់លក្ខណៈបែបបទរដ្ឋបាលនោះទៀតទេ!។
ទន្ទឹមនឹងគ្នានេះដែរ លោកពូម្នាក់ដែលមានឈ្មោះជាអក្សរឡាតាំងថា
{Hoeu Rong} ដែលបានអះអាងខ្លួនត្រូវជាប្អូនប្រុសរបស់លោកស្រី
ង៉ូវ ស៊ាងណៃ ជាម្ចាស់ដី បានបញ្ជូនឯកសារចំនួន ៣ សន្លឹកមកកាន់ប្រព័ន្ធតេឡេក្រាមរបស់អង្គភាពសារព័ត៌មាន ដែលរួមមាន៖ ប្លង់រឹង (សិទ្ធិកាន់កាប់ដី) ១ច្បាប់, លិខិតស្នើសុំសាងសង់របង ១ច្បាប់ និងលិខិតជារបាយការណ៍វាស់វែងដី ១ច្បាប់។ ប៉ុន្តែ ភាគីខាងម្ចាស់ដីរូបនេះ មិនបានធ្វើការបកស្រាយបំភ្លឺលម្អិតជុំវិញបញ្ហាអង្កេតផ្សេងៗពាក់ព័ន្ធនឹងការសាងសង់របងនៅទីតាំងខាងលើនោះឡើយ!
បន្ថែមពីលើនេះ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ក៏បានបញ្ជាក់បន្ថែមមកកាន់អ្នកសារព័ត៌មានថា៖ គាត់សាងសង់ត្រឹមត្រូវតាមប្លង់កម្មសិទ្ធិរបស់គាត់ ស្ពានសាងសង់ចូលមុខដីរបស់គាត់ប្រាំម៉ែត្រ មិនមែនគាត់សាងសង់រំលោភទេ!?
ទោះជាយ៉ាងណា មហាជន ក៏ដូចជាអង្គភាពសារព័ត៌មានយើងខ្ញុំ ងាកមកលើកជាសំណួរទាមទារការបំភ្លឺនិងការគិតគូរយ៉ាងហ្មត់ចត់ពីស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ផ្អែកលើចំណុចសំខាន់ៗដូចខាងក្រោម៖
១. តើគ្រាន់តែមានលិខិតស្នើសុំ និងការចារត្រឹមពាក្យ “បានឃើញ និងឯកភាព” ពីសំណាក់អភិបាលខណ្ឌ អាចគ្រប់គ្រាន់ក្នុងការអនុញ្ញាតឱ្យម្ចាស់ដីធ្វើការសាងសង់របងរឹងមាំទ្រង់ទ្រាយធំបានហើយឬនៅ? ស្របពេលដែលតាមផ្លូវច្បាប់ និងបទបញ្ញត្តិរដ្ឋបាល ការសាងសង់សំណង់ផ្សេងៗតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់ជាលក្ខណៈបច្ចេកទេសនិងរដ្ឋបាលច្បាស់លាស់!?
២. បើការសាងសង់របងរឹងមាំស្ថិតនៅជាប់នឹងមុខកាត់ស្ពាន តើត្រូវឆ្លងកាត់ការពិនិត្យ និងផ្តល់យោបល់ពីស្ថាប័នជំនាញណាខ្លះ? ជាពិសេសដើម្បីធ្វើការត្រួតពិនិត្យបច្ចេកទេស និងធានាថាការសាងសង់នោះពិតជាត្រឹមត្រូវ មិនប៉ះពាល់ដល់ប្រព័ន្ធលំហូរទឹក សណ្ដាប់ធ្នាប់សាធារណៈ ឬរំលោភចូលដីចំណីព្រែក/ប្រឡាយសាធារណៈរបស់រដ្ឋឡើយ!?
៣. តើការឆ្លើយតប និងការបំភ្លឺរបស់អ្នកកាន់អំណាចលំដាប់ថ្នាក់រដ្ឋបាលខណ្ឌ មកកាន់អ្នកសារព័ត៌មានតាមទម្រង់បែបនេះ!? អាចឆ្លុះបញ្ចាំងពីតម្លាភាព និងការអនុវត្តតួនាទីត្រឹមត្រូវតាមបែបវិជ្ជាជីវៈរដ្ឋបាលដែរឬទេ?
អង្គភាពសារព័ត៌មានយើងខ្ញុំ គ្រាន់តែធ្វើការផ្សាយស្របតាមតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងពីការពិតក្នុងសង្គម ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ស្វែងរកការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវសេចក្តីសុចរិត ការពារផលប្រយោជន៍សាធារណៈ និងការគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា!
យើងខ្ញុំរង់ចាំការបកស្រាយបន្ថែម ឬចំណាត់ការស្របច្បាប់ពីស្ថាប័នមានសមត្ថកិច្ចថ្នាក់លើបន្តទៀត៕
