vចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង កោះលោកស្រី អៀវ វុទ្ធី ចូលបំភ្លឺ ខណៈអាជ្ញាធរមូលដ្ឋាន៣រូប ត្រូវបានចោទប្រកាន់ពីបទសមគំនិតលួចលក់អចលនវត្ថុរបស់អ្នកដទៃដែលមិនមែនជារបស់ខ្លួន
(ស្ទឹងត្រែង)៖ លោក វ៉េង ហ៊ត់ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្ទឹងត្រែង បានចេញដីកាកោះលោកស្រី អៀវ វុទ្ធី ដែលជាដើមបណ្តឹងក្នុងសំណុំរឿងវិវាទដីធ្លីមួយ ឱ្យចូលបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីបំភ្លឺតាមនីតិវិធីតុលាការ។
ការកោះហៅនេះ កើតឡើងក្នុងពេលដែលសំណុំរឿងវិវាទដីធ្លីនៅតំបន់អន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កំពុងបន្តនីតិវិធីតាមផ្លូវតុលាការ ខណៈលោក អ៊ុំ សុភឿន អតីតមន្ត្រីការិយាល័យធនធានមនុស្សខេត្តស្ទឹងត្រែង ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគាររួចហើយ។
យោងតាមប្រភពព័ត៌មានដែលអង្គភាពសារព័ត៌មានទទួលបាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា កន្លងមក លោក អ៊ុំ សុភឿន បានដាក់សំណើសុំឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ប៉ុន្តែសំណើនេះត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែងបដិសេធ។ បន្ទាប់មក មេធាវីការពារក្តីឱ្យលោក អ៊ុំ សុភឿន បានប្តឹងតវ៉ាបន្តទៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដើម្បីស្នើសុំពិនិត្យលើការសម្រេចនេះ។
ប្រភពដដែលបានឱ្យដឹងទៀតថា ការកោះហៅលោកស្រី អៀវ វុទ្ធី ឱ្យចូលបំភ្លឺនៅថ្ងៃទី១៦ ខែវិច្ឆិកានេះ គឺជាផ្នែកមួយនៃនីតិវិធីស៊ើបសួរ ដើម្បីផ្តល់ការបំភ្លឺ និងបង្ហាញឯកសារ ឬភស្តុតាងពាក់ព័ន្ធបន្ថែម ក្នុងសំណុំរឿងដែលមានការចោទប្រកាន់ពីបទ «លួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន» ប្រព្រឹត្តនៅភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ តាមមាត្រា២៥៥ នៃច្បាប់ភូមិបាល ឆ្នាំ២០០១។
យោងតាមប្រភពព័ត៌មានដែលទទួលបាន តំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចចោទប្រកាន់អាជ្ញាធរមូលដ្ឋានចំនួន៣រូប ពីបទ «សមគំនិតក្នុងការលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន» ពាក់ព័ន្ធនឹងសំណុំរឿងដីធ្លីរបស់លោកស្រី អៀវ វុទ្ធីអាជ្ញាធរទាំង៣រូបដែលត្រូវបានចោទប្រកាន់ រួមមាន៖. លោក សយ សំណាង មេភូមិអន្លង់ជ្រៃ. លោក ដាំ ភី ស្មៀនឃុំអន្លង់ជ្រៃ. លោកស្រី ប៊ុន ណាវី ជំទប់ទី១ នៃឃុំអន្លង់ជ្រៃ។
តាមប្រភពព័ត៌មាន ការចោទប្រកាន់នេះពាក់ព័ន្ធនឹងការចុះហត្ថលេខា និងឯកសាររដ្ឋបាលដែលត្រូវបានចោទថាបានប្រើប្រាស់ក្នុងដំណើរការផ្ទេរលក់ដីដែលលោកស្រី អៀវ វុទ្ធី អះអាងថាជាកម្មសិទ្ធិរបស់ខ្លួន ដោយអនុលោមតាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៥៥ នៃច្បាប់ភូមិបាល ឆ្នាំ២០០១ ចំណែកការចុះវាស់វែងដីពីសំណាក់ក្រុមការងារក្រសួង ក៏ជាចំណុចសំខាន់មួយក្នុងសំណុំរឿងនេះផងដែរកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយអាជ្ញាធរភូមិ-ឃុំ បានចុះពិនិត្យ និងវាស់វែងទីតាំងដីដែលពាក់ព័ន្ធនឹងករណីលក់ដីរបស់លោកស្រី អៀវ វុទ្ធី។
តាមព័ត៌មាន និងឯកសារដែលទទួលបាន ក្រុមការងារបានវាស់វែងផ្នែកខាងក្រៅ ព្រមទាំងពិនិត្យទំហំដីសរុប ទាំងផ្នែកខាងមុខ និងខាងក្រោយ ដោយយោងតាមលិខិតចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។ជាមួយគ្នានេះ តាមកំណត់ហេតុដែលបានផ្តល់ជូន ក្រុមការងារបានបញ្ជាក់ពីលទ្ធផលនៃការចុះវាស់វែងថា ទីតាំងដីដែលមានទំនាស់ខាងលើជាដីរបស់លោកស្រី អៀវ វុទ្ធី។ ឯកសារនេះត្រូវបានចាត់ទុកថាជាឯកសារពាក់ព័ន្ធដ៏សំខាន់មួយ ដែលគួរត្រូវបានយកមកពិនិត្យក្នុងដំណើរការដោះស្រាយតាមផ្លូវច្បាប់។ដោយឡែក ពាក់ព័ន្ធនឹងការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ប្រភពព័ត៌មានបានឱ្យដឹងថា លោកស្រី អៀវ វុទ្ធី ក៏បានទទួលព័ត៌មានអំពីការព្យាយាមស្វែងរកការសម្របសម្រួល ដើម្បីឈានទៅរកការដោះលែងលោក អ៊ុំ សុភឿន ពីពន្ធនាគារផងដែរ។
តាមការបញ្ជាក់របស់លោកស្រី អៀវ វុទ្ធី លោកស្រីមានការព្រួយបារម្ភជាខ្លាំងចំពោះព័ត៌មានដែលបានឮនេះ ព្រោះលោកស្រីអះអាងថា បានឆ្លងកាត់ការលំបាក និងការតស៊ូជាច្រើន ដើម្បីស្វែងរកយុត្តិធម៌សម្រាប់ដីធ្លីរបស់ខ្លួន។
លោកស្រីបានបង្ហាញជំហរថា មិនចង់ឱ្យសំណុំរឿងនេះបញ្ចប់ដោយការសម្របសម្រួលដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់លោកស្រីនោះទេ ហើយស្នើសុំឱ្យតុលាការបន្តនីតិវិធី និងពិនិត្យលើភស្តុតាងទាំងអស់ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌តាមច្បាប់។
ជាមួយគ្នានេះ លោកស្រីក៏បានស្នើសុំឱ្យថ្នាក់ដឹកនាំ និងស្ថាប័នមានសមត្ថកិច្ចពិនិត្យលើតួនាទី និងការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋានទាំង៣រូបដែលត្រូវបានចោទប្រកាន់ ដោយផ្អែកលើអង្គហេតុ និងភស្តុតាងជាក់ស្តែងជុំវិញព័ត៌មានដែលលើកឡើងថា អាជ្ញាធរមូលដ្ឋានមួយចំនួនកំពុងស្វែងរកការសម្របសម្រួល ដើម្បីជៀសវាងការចាត់វិធានការតាមផ្លូវតុលាការនោះ គឺនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការពីបុគ្គលដែលត្រូវបានលើកឡើងនៅឡើយទេ។
សំណុំរឿងនេះកំពុងទទួលបានការចាប់អារម្មណ៍ពីសាធារណជន ដោយសារពាក់ព័ន្ធនឹងការចោទប្រកាន់លើអតីតមន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានក្នុងករណីលក់អចលនវត្ថុដែលភាគីដើមបណ្តឹងអះអាងថាជាកម្មសិទ្ធិរបស់ខ្លួនសាធារណជនរំពឹងថា ស្ថាប័នតុលាការនឹងបន្តអនុវត្តនីតិវិធីដោយតម្លាភាព ឯករាជ្យ និងយុត្តិធម៌ ដោយពិនិត្យលើឯកសារកម្មសិទ្ធិ កំណត់ហេតុវាស់វែង និងភស្តុតាងពាក់ព័ន្ធទាំងអស់ ដើម្បីធានាការការពារសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ និងការទទួលខុសត្រូវចំពោះអ្នកដែលបានប្រព្រឹត្តខុសច្បាប់ ៕
