កម្មកររោងចក្រប្រមាណ ៥០០នាក់ ផ្ទុះការតវ៉ា បិទផ្លូវជាតិលេខ២១ ក្រោយមានបញ្ហាពាក់ព័ន្ធនឹងការទូទាត់ប្រាក់ និងសិទ្ធិការងារ….

ខេត្តកណ្ដាល៖ កម្មករ-កម្មការិនីប្រមាណ ៥០០នាក់ បាននាំគ្នាតវ៉ា និងបិទផ្លូវជាតិលេខ២១ បណ្ដាលឱ្យមានការកកស្ទះចរាចរណ៍មួយរយៈ មុនពេលអាជ្ញាធរខេត្តកណ្ដាលចុះទៅសម្របសម្រួល និងបើកផ្លូវឱ្យប្រជាពលរដ្ឋធ្វើដំណើរឡើងវិញ។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ក្នុងបរិវេណរោងចក្រ (សេលលី ហ្វេសិន ហ្គាម៉ិន) (ហ្វេកធើរី )ឯ.ក។

តាមព័ត៌មានពីកន្លែងកើតហេតុ ការតវ៉ារបស់កម្មករ-កម្មការិនី គឺពាក់ព័ន្ធនឹងបញ្ហាការងារ និងការទូទាត់ប្រាក់ដែលពួកគេអះអាងថា មិនទាន់ត្រូវបានដោះស្រាយ ប្រភពបានឱ្យដឹងថា ម្ចាស់រោងចក្របានឈប់បន្តប្រតិបត្តិការ ហើយការដោះស្រាយបញ្ហាមួយចំនួនត្រូវបានប្រគល់ឱ្យតំណាងកម្មករ។

យ៉ាងណាក៏ដោយ នៅពេលដល់កាលកំណត់ដែលបានព្រមព្រៀងគ្នា បញ្ហានៅតែមិនទាន់មានដំណោះស្រាយ ហើយតំណាងកម្មករដែលធ្លាប់ចូលរួមសម្របសម្រួល ក៏ត្រូវបានអះអាងថា មិនមានវត្តមានបន្តទៀត ស្ថានភាពនេះបានធ្វើឱ្យកម្មករមួយចំនួនមានការមិនពេញចិត្ត និងនាំគ្នាចេញមកតវ៉ា រហូតឈានដល់ការបិទផ្លូវជាតិលេខ២១។

ប្រភពព័ត៌មានបានបន្តថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានចុះពិនិត្យ និងសម្របសម្រួលក្នុងការដោះស្រាយបញ្ហា ដោយមានការស្នើឱ្យពន្យារពេលដល់ថ្ងៃទី១៥ ប៉ុន្តែ កម្មករមួយចំនួនបានលើកឡើងពីការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ដោយពួកគេមានបន្ទុកចំណាយលើថ្លៃជួលផ្ទះ ទឹក និងភ្លើង ដែលធ្វើឱ្យពួកគេចង់ឱ្យមានការដោះស្រាយឱ្យបានឆាប់រហ័ស។

ក្រោយទទួលបានព័ត៌មាន លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងលោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងចុះទៅកាន់ទីតាំង ដើម្បីសម្របសម្រួលស្ថានការណ៍ និងស្នើឱ្យកម្មករ-កម្មការិនីផ្លាស់ចេញពីផ្លូវ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងរក្សាសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរ។

បន្ទាប់ពីមានការសម្របសម្រួល ផ្លូវជាតិលេខ២១ ត្រូវបានបើកឱ្យធ្វើចរាចរណ៍ឡើងវិញ ហើយស្ថានភាពចរាចរណ៍បានវិលមករកភាពប្រក្រតី។

ជុំវិញការអះអាងមួយចំនួនពាក់ព័ន្ធនឹងមូលហេតុដែលនាំឱ្យម្ចាស់រោងចក្រឈប់ដំណើរការ និងការលំបាកផ្នែកហិរញ្ញវត្ថុ ព័ត៌មានទាំងនេះនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការពីភាគីពាក់ព័ន្ធនៅឡើយទេ ដូច្នេះ មូលហេតុពិតប្រាកដ និងដំណោះស្រាយចុងក្រោយចំពោះបញ្ហារបស់កម្មករ គួររង់ចាំការបញ្ជាក់បន្ថែមពីស្ថាប័នមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធ។

បច្ចុប្បន្ន ស្ថានការណ៍នៅទីតាំងបានធូរស្រាល និងផ្លូវត្រូវបានបើកឱ្យធ្វើចរាចរណ៍ឡើងវិញហើយ៕