សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់សភាពាណិជ្ជកម្មអាម៉េរិកថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់គោលដៅប្រែក្លាយកំពង់ផែក្រុងព្រះសីហនុឱ្យទៅជាមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់ និងជំរុញការតភ្ជាប់ជាមួយបណ្តាកំពង់ផែសំខាន់ៗរបស់សហរដ្ឋអាម៉េរិក

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសុទិដ្ឋិនិយមថា នៅថ្ងៃអនាគត ផលិតផលកម្ពុជានឹងមានវត្តមានកាន់តែច្រើនឡើងនៅលើទីផ្សារសហរដ្ឋអាម៉េរិក ហើយរាជរដ្ឋាភិបាលកម្ពុជាបានដាក់គោលដៅប្រែក្លាយកំពង់ផែក្រុងព្រះសីហនុឱ្យទៅជាមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់ ព្រមទាំងមានបំណងជំរុញការតភ្ជាប់រវាងកំពង់ផែនេះ ជាមួយបណ្តាកំពង់ផែសំខាន់ៗរបស់សហរដ្ឋអាម៉េរិក។
សម្តេចធិបតី បញ្ជាក់បែបនេះក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាម៉េរិក-កម្ពុជា ហៅកាត់ថា ACBC ដឹកនាំដោយលោកស្រី ចាន់ សុខវាសនា ដែលស្ថាបនិក និងជាប្រធានសភាពាណិជ្ជកម្មអាម៉េរិក-កម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព ។
លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធានសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ACBC បញ្ជាក់ជូននាយករដ្ឋមន្ត្រីកម្ពុជាថា គោលបំណងនៃដំណើរទស្សនកិច្ចធុរកិច្ចនាពេលនេះ ដើម្បីស្វែងរកកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា។ ជាពិសេស បណ្តាក្រុមហ៊ុនរបស់ ACBC បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យឡូជីស្ទីក វិស័យកសិកម្ម និងគ្រឿងសង្ហារឹម សំដៅជំរុញការតភ្ជាប់រវាងវិនិយោគិននៃប្រទេសទាំងពីរ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានវិសាលភាពថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកដំណើរទស្សនកិច្ចនេះថាជាកម្លាំងចលករដ៏មានសារៈសំខាន់ក្នុងការជំរុញការតភ្ជាប់ទំនាក់ទំនងធុរកិច្ចរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដោយបានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនដែលអាចពង្រីកកិច្ចសហប្រតិបត្តិការបាន ជាពិសេស លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ៕