អភិបាលខេត្តកណ្ដាល បានប្រជុំដកពិសោធន៍លើការងារដាក់គោលដៅត្រួតពិនិត្យចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល
ខេត្តកណ្ដាល៖ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការអនុវត្តការងារត្រួតពិនិត្យចរាចរណ៍តាមគោលដៅ កំណត់បញ្ហាប្រឈម និងដកបទពិសោធន៍ពីការអនុវត្តកន្លងមក ព្រមទាំងដាក់ចេញនូវវិធានការបន្ថែម ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងបន្តកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំដកពិសោធន៍លើការងារដាក់គោលដៅត្រួតពិនិត្យចរាចរណ៍ផ្លូវគោក ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដោយមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម គួច ចំរើន បានណែនាំដល់អាជ្ញាធរ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមគោលដៅសំខាន់ៗនានា ដោយផ្តោតលើទីតាំងដែលមានបទល្មើសចរាចរណ៍កើតឡើងញឹកញាប់ ទីតាំងដែលមានអត្រាគ្រោះថ្នាក់ខ្ពស់ និងពេលវេលាដែលមានហានិភ័យខ្ពស់។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ គឺមិនមែនមានគោលបំណងត្រឹមតែផាកពិន័យប្រជាពលរដ្ឋនោះទេ ប៉ុន្តែជាវិធានការសំខាន់ក្នុងការអប់រំ ក្រើនរំលឹក និងបង្កើនការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ ដើម្បីឱ្យអ្នកប្រើប្រាស់ផ្លូវគ្រប់រូបគោរពច្បាប់ និងចូលរួមការពារអាយុជីវិតខ្លួនឯង ព្រមទាំងអ្នកដទៃ។ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ចំពោះការផាកពិន័យ ត្រូវធ្វើឡើងតាមស្ថានភាពជាក់ស្តែង និងតាមគោលការណ៍ច្បាប់នាពេលណាមួយដែលចាំបាច់ បញ្ហាសំខាន់នោះគឺត្រូវផ្តោតលើការអប់រំ និងការកែប្រែឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវ ឱ្យមានការគោរពច្បាប់ និងមានស្មារតីទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា។
ជាមួយគ្នានេះ ឯកឧត្តមបានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីរៀបចំការផ្សព្វផ្សាយ និងអប់រំច្បាប់ចរាចរណ៍ដល់សិស្សានុសិស្សនៅតាមសាលារៀន កម្មករ-កម្មការិនីនៅតាមរោងចក្រ សហគ្រាស និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយផ្តោតលើការពាក់មួកសុវត្ថិភាព ការគោរពសិទ្ធិអាទិភាព ការមិនបើកបរក្នុងស្ថានភាពស្រវឹង ការមិនបើកបរលឿនហួសកំណត់ និងការមិនប្រើទូរស័ព្ទនៅពេលកំពុងបើកបរ។
ឯកឧត្តម គួច ចំរើន បានបន្ថែមថា ការអនុវត្តការងារត្រួតពិនិត្យចរាចរណ៍ ត្រូវធ្វើឡើងដោយផ្អែកលើទិន្នន័យ និងស្ថានភាពជាក់ស្តែងដូច្នេះ កម្លាំងត្រួតពិនិត្យត្រូវកំណត់គោលដៅឱ្យបានច្បាស់លាស់ ដោយផ្តោតទៅលើកន្លែងដែលមានបទល្មើសច្រើន កន្លែងដែលកើតមានគ្រោះថ្នាក់ញឹកញាប់ និងម៉ោងដែលមានអត្រាគ្រោះថ្នាក់ខ្ពស់ ដើម្បីឱ្យការប្រើប្រាស់កម្លាំង និងធនធានមានប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនឹងនេះ ឯកឧត្តមបានក្រើនរំលឹកដល់មន្ត្រី និងកងកម្លាំងដែលចុះអនុវត្តការងារតាមគោលដៅ ត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថល្អ មនសិការវិជ្ជាជីវៈ ក្រមសីលធម៌ និងសុជីវធម៌ ជាពិសេស មុនចេញប្រតិបត្តិការតាមគោលដៅ ត្រូវមានការប្រជុំណែនាំ និងក្រើនរំលឹកដល់មន្ត្រីឱ្យមានភាពអត់ធ្មត់ សុភាពរាបសារ និងប្រើប្រាស់វិធានការតាមច្បាប់ ដើម្បីធានាឱ្យការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព តម្លាភាព និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
ជាការលើកទឹកចិត្ត ដើម្បីគាំទ្រដល់ការចុះអនុវត្តការងារចុះត្រួតពិនិត្យចរាចរណ៍ផ្លូវគោកក្នុងភូមិសាស្ត្រខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន បានផ្តល់ការគាំទ្រដល់ក្រុង-ស្រុកនីមួយៗ នូវថវិកាចំនួន ៥លានរៀល និងប្រេងឥន្ធនៈចំនួន ៥០០លីត្រ សម្រាប់ប្រើប្រាស់ក្នុងការចុះអនុវត្តការងារត្រួតពិនិត្យ និងបង្ការគ្រោះថ្នាក់ចរាចរណ៍តាមគោលដៅនានា ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិសាស្ត្រខេត្តកណ្ដាលទាំងមូល។
