អគ្គនាយកស៊ីម៉ាក់កម្ពុជា ៖ សម្រែកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារត្រូវបានលាតត្រដាងជាបណ្តើរៗហើយ

នៅលើបណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ អគ្គនាយកស៊ីម៉ាក់កម្ពុជាឯកឧត្តម ហេង រតនា បានសរសេរថា សម្រែកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារដែលជាមរតកដូនតាខ្មែរនិងជាសម្បតិ្តបេតិកភណ្ឌពិភពលោកត្រូវបានលាតត្រដាងជាបណ្តើរៗហើយ។ សូមអរគុណចំពោះអង្គការUNESCO-ICOMOS ដែលបានបញ្ចេញរបាយការណ៍វាយតម្លៃពីការបំផ្លិចបំផ្លាញនិងការខូចខាតប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរបំផុត។
អគ្គនាយកស៊ីម៉ាក់កម្ពុជា បន្តថា អង្គភាពCMACបានធ្វើការស្រាវជ្រាវព័ត៌មាននិងការពិនិត្យវាយតម្លៃសំណល់យុទ្ធភណ្ឌសង្គ្រាមនៅទីតាំងប្រាសាទព្រះវិហារ ហើយបានរកឃើញថា ទាហានថៃបានទម្លាក់គ្រាប់បែកនិងបាញ់ប្រហារចំនួន៥០១គោលដៅលេីតួប្រាសាទដែលបង្កឱ្យខូចខាតប្រាសាទចំនួនជាង៥៦០កន្លែង។ ទន្ទឹមនឹងនេះ ក៏អាចកំណត់បានថា ការទម្លាក់គ្រាប់បែកនិងការបាញ់ប្រហារមកលើប្រាសាទព្រះវិហារនេះ មានផែនការយុទ្ធសាស្ត្រ យុទ្ធវិធី ការសម្របសម្រួល និងដឹកនាំបញ្ជាការយ៉ាងច្បាស់លាស់ ក្នុងគោលបំណងកម្ទេចប្រាសាទព្រះវិហារដែលមរតកដូនតាខ្មែរនិងជាសម្បត្តិបេតិកភណ្ឌពិភពលកដ៍កម្រនិងកំសត់បំផុតមួយនេះ ។
ឯកឧត្តម ហេង រតនា សង្កត់ធ្ងន់ថា យើងសង្ឃឹមថាយុត្តិធម៌ពិតនឹងមានចំពោះប្រាសាទព្រះវិហារ ហើយអ្នកបំផ្លិចបំផ្លាញនឹងត្រូវទទួលទោសតាមច្បាប់អន្តរជាតិជាកំហិត ព្រមទាំងទទួលបណ្តាសារបស់ដូនតាបុព្វបុរសខ្មែរដែលជាអ្នកកសាងប្រាសាទព្រះវិហារសម្រាប់មរតកមនុស្សជាតិនេះ៕