ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជាចូលរួមពិធីបិទទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធល្អៗ ស្តីពីការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈនៅសាធារណរដ្ឋកាហ្សាក់ស្ថាន

អាស្ដាណា៖ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំប្រតិភូនៃព្រះរាជាណាចក្រកម្ពុជាចូលរួមពិធីបិទទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធល្អៗ ស្តីពីការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈនៅសាធារណរដ្ឋកាហ្សាក់ស្ថាន ដោយមានការអញ្ជើញចូលរួមពីលោក Daulet Bekmanov ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានជាតិ NITEC និងជាតំណាងក្រសួងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនិងអភិវឌ្ឍន៍ឌីជីថលនៃសាធារណរដ្ឋកាហ្សាក់ស្ថាន នៅមជ្ឈមណ្ឌលសេវាសាធារណៈ Astana Hub។

សូមជម្រាបជូនថា ដំណើរទស្សនកិច្ចសិក្សានៅសាធារណរដ្ឋកាហ្សាក់ស្ថាន គឺមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងរដ្ឋបាលខេត្ត ស្រុកពាក់ព័ន្ធ ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់(GIZ) បានបញ្ចប់ប្រកបដោយផ្លែផ្កា និងទទួលបានការស្វាគមន៍ដ៏កក់ក្តៅពីសំណាក់ភាគីសាធារណរដ្ឋកាហ្សាក់ស្ថាន៕