អាជ្ញាធរខេត្តកណ្ដាល ជំរុញដល់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនៅសង្កាត់សិត្បូ និងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ត្រូវផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ និងប្រកបដោយគុណភាព
ខេត្តកណ្ដាល៖ បន្ទាប់ពីមានការរអ៊ូរទាំពីប្រជាពលរដ្ឋក្នុងសង្កាត់សិត្បូ បញ្ហាខ្វះខាតទឹកប្រើប្រាស់ និងពេលខ្លះទឹកគ្មានគុណភាព នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានចាត់ឱ្យលោកជំទាវ ស៊្រុន ស្រីនាង អភិបាលរងខេត្តកណ្ដាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់សត្បូ បានដឹកនាំកិច្ចប្រជុំជាមួយមន្ទីរពាក់ព័ន្ធ អាជ្ញាធរសង្កាត់សិត្បូ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត និងប្រជាពលរដ្ឋ ដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋ ក្នុងការផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ និងប្រកបដោយគុណភាព នៅសាលាសង្កាត់សិត្បូ។
លោក សែត វន្នី ចៅសង្កាត់សិត្បូ បានឱ្យដឹងថា កន្លងមកបញ្ហាផ្គត់ផ្គង់ទឹកស្អាតនៅក្នុងសង្កាត់ ពេលព្រឹកពុំមានទឹកប្រើប្រាស់ ប៉ុន្តែក្រោយពីកម្មករចូលធ្វើការអស់ទើបមានទឹកប្រើប្រាស់ខ្លះៗ ហើយពេលខ្លះខ្វះខាតទឹកប្រើប្រាស់ច្រើន ព្រមទាំងពេលខ្លះទៀតពេលយប់ជ្រៅទើបមានទឹកប្រើប្រាស់ខ្លះ ដែលបញ្ហានេះធ្វើឱ្យប្រជាពលរដ្ឋក្នុងសង្កាត់មានការរអ៊ូរទាំជាខ្លាំង។
លោក ធា ប៊ុនជាតិ តំណាងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតសង្កាត់ស្វាយរលំ និងសង្កាត់សិត្បូ បានមានប្រសាសន៍ថា បញ្ហារអាក់រអួលក្នុងការផ្គត់ផ្គង់ទឹកស្អាត មកពីកំណើនផ្ទះជួល និងប្រជាពលរដ្ឋមានការកើនឡើង ហើយតម្រូវការប្រើប្រាស់ទឹកស្អាតមានការកើនឡើងខ្ពស់ ដែលធ្វើឱ្យការផ្គត់ផ្គង់ទឹកមានការខ្វះខាត ប៉ុន្តែក្រុមហ៊ុនបាននឹងកំពុងធ្វើការសាងសង់ទីតាំងសម្រាប់ផលិត និងចែកចាយទឹកបន្ថែមនៅក្នុងសង្កាត់សិតត្បូនេះ ដោយក្រុមហ៊ុនបានធ្វើការប្ដេជ្ញាចិត្តថា នៅដើមខែមករា ឆ្នាំ២០២៧ ខាងមុខនេះ ប្រជាពលរដ្ឋនៅក្នុងសង្កាត់សិត្បូ និងមានទឹកប្រើប្រាស់គ្រប់គ្រាន់មិនមានការខ្វះខាតទៀតឡើយ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា ទឹកជាប្រភពតម្រូវការចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយក្រុមហ៊ុនចាំបាច់ត្រូវតែផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋឱ្យប្រើប្រាស់បានគ្រប់គ្រាន់ និងប្រកបដោយគុណភាព។
លោកជំទាវបន្ថែមថា ដើម្បីដោះស្រាយបញ្ហាបន្ទាន់របស់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់នាពេលនេះ ក្រុមហ៊ុនត្រូវពិចារណាលទ្ធភាពដាក់ស៊ីទែនស្តុកទឹកយ៉ាងតិចចំនួន២០ ដើម្បីស្តុកទឹកអាចប្រើប្រាស់ ជាបណ្តោះអាសន្ន។ ក្រុមហ៊ុនត្រូវគិតគូរពីផែនការផ្គត់ផ្គង់ទៅថ្ងៃអនាគតឱ្យសមមូលនឹងកំណើនប្រជាពលរដ្ឋ ពិសេសធ្វើផែនទីផ្គត់ផ្គង់ទឹកស្អាត និងធ្វើវេទិការផ្សព្វផ្សាយដល់ពលរដ្ឋពីតម្លៃភ្ជាប់បណ្តាញ និង តម្លៃទឹកត្រូវអនុវត្តតាមប្រកាសរបស់ក្រសួងលេខ២៩៧ ឧវបន.ទស.ប្រក. ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រីឯតម្លៃទឹកត្រូវអនុវត្តតាមតារាងដែលក្រសួងបានអនុញ្ញាត ដែលក្នុងនោះការប្រើប្រាស់ពី 0ទៅដល់ 3ម៉ែត្រគូប តម្លៃ 1600រៀល និងចាប់ពី 4ម៉ែត្រគូបឡើងទៅតម្លៃ1800រៀលក្នុងមួយម៉ែត្រគូប ហើយតម្លៃនេះត្រូវចាប់អនុវត្តចាប់ពីខែនេះតទៅ៕
