នៅរសៀលថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងថ្នាក់អធិការ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ នៃអធិការដ្ឋាននគរបាលស្រុកលើកដែក នៅសាលប្រជុំសាលាស្រុកលើកដែក ដែលមានការអញ្ជើញចូលរួមជាគណៈអធិបតីពី លោក សោម ផល្លា ប្រធានក្រុមប្រឹក្សាស្រុកលើកដែក និងលោក ចាប ច័ន្ទវិទ្យា អភិបាល នៃគណៈអភិបាលស្រុកលើកដែក និងសមាសភាពចូលរួមពី លោកស្នងការរង លោកនាយការិយាល័យជំនាញ អធិការរង-នាយ-នាយរងផ្នែក នាយប៉ុស្តិ៍ ចំណុះឱ្យអធិការដ្ឋាននគរបាលស្រុកលើកដែក ផងដែរ។
នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានមានប្រសាសន៍ណែនាំដល់លោកអធិការ និងលោកនាយប៉ុស្តិ៍ដែលទើបតែទទួលបានការតែងតាំង គឺត្រូវតែខិតខំបំពេញការងារឱ្យបានល្អ រក្សានិរន្តរភាពការងារឲ្យបានកាន់ល្អប្រសើរថែមទៀត មានការសាមគ្គីភាពក្នុងអង្គភាព បំពេញការងារតាមតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនក្នុងនោះ៖
-ត្រូវផ្តោតសំខាន់លើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ
-ពង្រឹងបន្ថែមការអនុវត្តគោលនយោបាយភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាព
-តាមដានព័ត៌មានបំពុលសង្គម ព័ត៌មានមិនពិត និងធ្វើការបន្សាបព័ត៌មាននោះ
-ត្រូវប្រមូលផ្តុំកម្លាំងត្រៀមសហការអន្តរាគមន៍ពេលមានគ្រោះមហន្តរាយ ដូចជាទឹកជំនន់ និងជំងឺឆ្លងនានា
-ត្រូវយកចិត្តទុកដាក់សិក្សាស្វែងយល់ និងអនុវត្តអនុក្រឹត្យលេខ០៣ និងប្រកាសអន្តរ ក្រសួង ក្នុងនោះត្រូវចុះធ្វើរដ្ឋបាល និងធ្វើបច្ចុប្បន្នភាពបញ្ជីគ្រប់គ្រងទីតាំងស្នាក់នៅប្រមូលផ្តុំឱ្យបានរៀងរាល់៣ខែម្តង
-ត្រូវរៀនប្រើប្រាស់APP FPCS គ្រប់គ្រងជនបរទេស និងកម្មវិធីសុំវត្តមាន APP VATTMEAN
-ទូដាក់ឯកសារត្រូវទុកនៅក្នុងបន្ទប់ មានសោរចាក់ ដើម្បីរក្សាសុវត្ថិភាព ចៀសវាងការ បាត់បង់ ឬខូចខាត
-គ្រប់ប៉ុស្តិ៍ទាំងអស់ត្រូវរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ អនាម័យ កន្លែងផ្តល់សេវាជូន ប្រជាពលរដ្ឋ បន្ទប់ធ្វើការ បន្ទប់ទឹក និងបរិវេណជុំវិញប៉ុស្តិ៍
-ត្រូវកែលម្អលាបថ្នាំអគារស្នាក់ការប៉ុស្តិ៍ជាប្រចាំ (សក្តិសមជាកន្លែងបំពេញការងារ)
-ត្រូវមានកន្លែងស្នាក់នៅរបស់មន្ត្រីប៉ុស្តិ៍ដាច់ដោយឡែក និងត្រូវរក្សាអនាម័យ មានទូរដាក់ សម្លៀកបំពាក់ឱ្យបានត្រឹមត្រូវ និងរៀបចំផ្ទះបាយឱ្យបានសមរម្យ
-ត្រូវរៀបចំបន្ទប់ប្រចាំការ បន្ទប់សួរចម្លើយ ឱ្យបានគ្រប់ប៉ុស្តិ៍
-ត្រូវបំពាក់កាមេរ៉ាបន្ថែមនៅក្នុងប៉ុស្តិ៍ និងតាមតំបន់ងាយរងគ្រោះ។
បន្ថែមពីនេះលោកឧត្តមសេនីយ៍ទោស្នងការក៏បានបញ្ជាក់ម្តងទៀតផងដែរ នឹងឧត្ថម្ភថវិកា៤០ម៉ឺនរៀល ក្នុង១ដីកា ក្នុងការស្រាវជ្រាវចាប់មុខសញ្ញា ឬជនល្មើស ជូនដល់អធិការដ្ឋាននគរបាលស្រុក/ក្រុង ដើម្បីជាការលើកទឹកចិត្ត។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោស្នងការបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគរួមមានអង្ករ១តោន ទឹកសុទ្ធ២០កេស មី២០កេស ត្រីខ១កេស រួមទាំងថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់អធិការដ្ឋាននគរបាលស្រុកលើកដែកផងដែរ។
